ចម្លែកណាស់ ! ស្រ្តីម្នាក់ ១០ខែ ឆ្លងទន្លេ២ដង បង្ករការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងថ្នាក់ដឹកនាំ

0

ភ្នំពេញ៖ ស្ត្រីម្នាក់ សម្រាលកូនដោយខ្លួនឯង នៅក្នុងតំបន់ក្រហម បង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារ គាត់ទើបនឹងសម្រាលកូនទី១ បាន១០ខែប៉ុណ្ណោះ ស្រាប់តែឆ្លងទន្លេកូនទី២ ទាំងមិនដឹងខ្លួន។

ជុំវិញករណីនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ តំណាងលោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បាននាំយកថវិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន១០លានរៀល យកទៅជូនប្អូនស្រី ញាណ ចាន់ស៊ីណា ដែលបានសម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ សង្កាត់ ភូមិបញ្ជូនមកសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ។

សូមរំលឹកថា ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ មានករណីស្រ្តីម្នាក់ ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយខ្លួនឯង បានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយ ម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ ទើបតែឆ្លងទន្លេ កូនស្រីទី១ បាន១០ខែ ។ ហើយមានទម្ងន់កូនស្រីទី២នេះដោយមិនដឹងខ្លួន សូម្បីអ្នកជិតខាងនៅក្បែរបន្ទប់គ្នា ក៍មានការងឿងឆ្ងល់ដែរ ដោយមិនដែលបានដឹងថាគាត់មានទម្ងន់កូនទី២នោះទេ ស្មានតែគាត់ឈឺក្រពះ។

ដោយបានដឹងពត៌មាននេះ អាជ្ញាធរមូលដ្ឋាន បានដឹកបញ្ជូនគាត់ទៅមណ្ឌលសុខភាព ស្ទឹងមានជ័យ ដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលា ៕