ខេត្តសៀមរាប រកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ២នាក់ទៀត នៅថ្ងៃ៦ ឧសភា

0

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។

អ្នកវិជ្ជមានទាំង ២នាក់មានរាយនាមខាងក្រោម៖

១.ឈ្មោះ ថោង សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិកសិកម្ម សង្កាត់ស្រង៉ៃ ក្រុងសៀមរាប បានធ្វើដំណើរមកពីខេត្តព្រះសីហនុ ត្រូវជាឪពុករបស់ សុជាតិ សុជាតា អាយុ២ឆ្នាំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

២.ឈ្មោះ នឿន ម៉ាប់ ភេទស្រី អាយុ២០ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកវាល ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីខេត្តព្រះសីហនុជាមួយស្វាមី ត្រូវជាម្ដាយរបស់ ជាន រដ្ឋា អាយុ១១ខែ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត សូមបញ្ជាក់ថា ក្រុមគ្រួសារទាំង២(២ករណីខាងលើ) គឺក្រុមការងារបានយកសំណាក និងណែនាំឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ពេលដែលមកដល់ខេត្តសៀមរាប។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៣នាក់ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៕