ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ បើធ្វើយ៉ាងដូចច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា យើងត្រូវបន្តធ្វើចត្តាឡីស័ក ចំពោះអ្នក ដែលសង្ស័យថា មានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះប្រជាជនហាក់ដូចជានៅក្នុងទ្រុងដដែល ។
សម្តេចតេជោ ហ៊ុន សែន សូមឲ្យ អភិបាលខេត្តណា ដែលចេញសេចក្តីសម្រេចរួចហើយ ត្រូវកែប្រែ នូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍ សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះ មិនមែន សំដៅមិនឲ្យទប់ស្កាត់ចំពោះ អ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាក នឹងនាំទៅដល់ការធ្វើចត្តាឡីស័ក ដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែ ការធ្វើនេះគឺសំដៅដើម្បីឲ្យកែសម្រួល សេចក្ដីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបាន៕