បញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគាស់ផ្ទះ

0

ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីរូបគេទាំងពីរនាក់ ធ្វើសកកម្មភាពលួចគាស់ ហាងលក់ផលិតផល មកពីប្រទេសជប៉ុន (យីហោ មី-អា) នៅចំណុច ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។

ជនសង្ស័យទាំង០២នាក់រួមមាន៖
*ទី១៖ ឈ្មោះ អ៊ុកចាន់ ចេនឡា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
*ទី២៖ ឈ្មោះ ពៅ ខួច ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចាប់យកវត្ថុតាង៖ កាបូបដៃមួយ, កាបូបស្ពាយមួយ, កន្ត្រៃ០២, កូនកាំបិត០២,ដែកកាប់០១, កូនសោ០៤ និងពិលចំនួន០១។

កម្លាំងជំនាញ​អាវុធហត្ថខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៩ និង ០០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចេញល្បាតតាម គោលដៅបិទខ្ទប់ដើម្បី បង្ការ បង្ក្រាប បទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួន រហូតដល់ម៉ោង ២១ និង ១៥នាទី នៅចំណុចកន្លែងកើតហេតុខាងលើ ក៏បានឃើញជនសង្ស័យទាំង០២នាក់ កំពុងធ្វើសកម្មភាពលួចគាស់ ហាងលក់ផលិតផល មកពីប្រទេសជប៉ុន (យីហោ មី-អា) ឃើញដូចនេះកម្លាំងល្បាត អាវុធហត្ថខណ្ឌទួលគោក ក៏បានចាប់ឃាត់ខ្លួន ជាក់ស្តែងជនសង្ស័យ ទាំង០២នាក់ភ្លាមៗ រួមនឹងវត្ថុតាង ធ្វើសកម្មភាព យកមកអង្គភាព ដើម្បីធ្វើការសាកសួរបន្ត និងបានទំនាក់ទំនង ទៅម្ចាស់ហាង ឲ្យមកដាក់ពាក្យបណ្តឹងផងដែរ។

ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកគេទាំងពីរបានធ្វើសកម្មភាព លួចចូលគាស់ ហាងលក់ផលិតផល មកពីប្រទេសជប៉ុន (យីហោ មី-អា) ចំនួន២ដង គឺកាលពីវេលាម៉ោង២៤​ និង ០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ពួកគេបានលួចគាស់ហាងខាងលើនេះ ដោយយកបានស្ពាន់ចំនួន០១គីឡូ លុះមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង១៥នាទី ឃើញឱកាសល្អ ពួកគេក៏បានធ្វើសកម្មភាពគាស់ ជញ្ជាំងហាងខាងលើនេះ ដើម្បីយកទ្រព្យសម្បត្តិមានតម្លៃម្តងទៀត ពេលយករួចហើយបម្រុងគេចខ្លួន ពេលនោះ សមត្ថកិច្ចអាវុធហត្ថ ក៏មកដល់ធ្វើការឃាត់ខ្លួន រូបគេទាំងពីរនាក់តែម្តង។

ពួកគេបានប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងទៀតថា រូបគេទាំងពីរ ធ្លាប់ប្រើបា្រស់គ្រឿងញៀន រយៈពេល ២ឆ្នាំមកហើយ៕