ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា លោកសុខចិត្តទៅចាក់វ៉ាក់សាំងយឺត ប៉ុន្តែលោកមិនទៅយកកូវីដ19 នៅកន្លែងចាក់វ៉ាក់សាំងនោះទេ ។
ការលើកឡើងបែបនេះ របស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីលោក បានឃើញរូបភាព ១សន្លឹក ដែលមានមនុស្សជាច្រើន នាំគ្នាសម្រុកទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ តែមិនបានរក្សាគម្លាតបុគ្គល នោះឡើយ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៤ ឧសភានេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ខ្ញុំសុខចិត្តទៅចាក់វ៉ាក់សាំងយឺត ប៉ុន្តែខ្ញុំមិនទៅយកកូវីដ19 នៅកន្លែងចាក់វ៉ាក់សាំងនោះទេ អ្នកខ្លាចអស់វ៉ាក់សាំងចាក់ រីឯខ្ញុំវិញគឺខ្លាចអស់ជីវិត មិនបានចាក់វ៉ាក់សាំង ការពារមិនឲ្យ ឆ្លងមេរោគកូវីដ19 មកលើខ្លួនខ្ញុំ។សុំបងប្អូនរក្សាជីវិតផង» ។
សូមរំលឹកថាគិតត្រឹមព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមាបអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៦ ២៩៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៥៧៩១នាក់ អ្នកកំពុងព្យាបាល ១០ ៣៩៤នាក់ និងអ្នកស្លាប់ ១០៧នាក់ ៕