ដោយសារកូវីដ១៩! ពលរដ្ឋលើកគ្នា រារាំងមិនឱ្យយកសព ស្ត្រីម្នាក់ បូជានៅក្នុងមូលដ្ឋាន វត្តជ្រៃបាក់

0

ភ្នំពេញ៖ ពលរដ្ឋរាប់សិបនាក់​នៅភូមិជ្រៃបាក់ ស្រុករលាប្អៀ កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានលើកគ្នា មកតវ៉ារារាំង មិនឱ្យយកសពស្ត្រីម្នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ មកបូជា នៅក្នុងទីបច្ឆា វត្តជ្រៃបាក់ឡើយ ព្រោះតែខ្លាចឆ្លងជំងឺកូវី១៩ ចូលក្នុងសហគមន៍ របស់ពួកគាត់ ។

ពលរដ្ឋបានលើកឡើងថា ការដែលពួកគាត់បាននាំគ្នា មករារាំងមិនឱ្យ ដឹកសព ដែលស្លាប់ដោយជំងឺកូវីដ-១៩ ខ្លាចជំងឺនេះ ឆ្លងដល់កូនចៅរបស់ពួកគាត់ នៅក្នុងមូលដ្ឋាន ដែលតែងតែចេញចូល មកធ្វើបុណ្យទាន ក្នុងវត្ត នេះមិនដែលដាច់។

សព្វថ្ងៃ ពួកគាត់និងកូនចៅ បានខិតខំការ ពារទប់ស្កាត់មិនឱ្យ មានការឆ្លងនៃជំងឺកូវីដ- ១៩ នេះ ដោយបានអនុវត្តតាមការណែនាំ របស់ក្រសួងសុខា ភិបាល ពិសេសអនុវត្តន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ៣ការពារនិង៣កុំ យ៉ាងខ្ជាប់ខ្ជួន ដោយ សារតែខ្លាចជំងឺដ៏កាចសាហាវមួយនេះឆ្លងចូលក្នុងសហគ មន៍។

នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះលោក យង់ សៅវុឌ្ឍី អភិបាលស្រុករលា ប្អៀរ និងលោក យិន សាវ៉េន អភិ បាលក្រុងកំពង់ឆ្នាំង រួមទាំងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់បានមកវត្តជ្រៃបាក់ ធ្វើការបោសសម្អាត នៅជុំវិញទីបច្ឆា ដើម្បីរៀបចំបូជាសពស្ត្រីម្នាក់នេះ ទៅតាមបច្ចេកទេស និងវិធានការ ដែលថ្នាក់លើ បានណែនាំ។

លោក យ៉ង់សៅវុឌ្ឍូ អភិបាលស្រុករលាប្អៀរ បានឱ្យដឹងថា ការរៀបចំបូជាសពស្ត្រី ដែលជំងឺកូវីដ-១៩នេះ គឺជាការរៀបចំបន្ទាន់មួយ ដោយមិនទាន់មានកន្លែង ត្រឹមត្រូវ។

ដូច្នេះលោកជ្រើសយកទីនេះ គឺជាកន្លែងស្ងប់ស្ងាត់ ដែលវត្តនេះស្ថិត នៅដាច់ឆ្ងាយពីលំនៅឋាន របស់ពលរដ្ឋ និងមិនមានប៉ះពាល់អ្វីឡើយ ។ពិសេសការរៀបចំបូជា នៅក្នុងទីបច្ឆានេះក៏បានរៀបចំ មានអនាម័យ និងបច្ចេកទេសត្រឹមត្រូវ ក្នុងការបូជាដោយភាពទទួលខុសត្រូវ ច្បាស់លាស់ ផងដែរ ។បន្ទាប់ពីមាន ការតវ៉ានិងរារាំងពីពលរដ្ឋ មិនឱ្យយកសពស្ត្រី ដែលមានជំងឺកូវីដ-១៩ យកមកបូជានៅទីនេះ លោកអភិ បាលខេត្ត ក៏បានសម្រេចឱ្យយកសពស្ត្រីខាងលើ ទៅបូជានៅកន្លែងផ្សេងវិញ តាមសំណូមពរ របស់ប្រជាពលរដ្ឋ ៕