ភ្លៀងលាយឡំ ខ្យល់កន្ទ្រាក់! ផ្ទះគំរូគ្រួសារកងទ័ព២ខ្នង​ បានដួលរាបដល់ដី និង៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ

0

ភ្នំពេញ៖ ផ្ទះគំរូគ្រួសារកងទ័ព នៃវរសេនាតូចលេខ៣៨១ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ចំនួន២ខ្នង បានរងនូវការខូចខាតទាំងស្រុង និងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ ដោយសារខ្យល់កន្ទ្រាក់ លាយឡំនឹងភ្លៀងផ្គររន្ទះ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ។

លោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអុល មេបញ្ជាការវរសេនាតូច ៣៨១ បានឱ្យដឹងថា​ ផ្ទះគំរូគ្រួសារកងទ័ពចំនួន ២ខ្នង បាន ដួលរលំរាបដល់ដីនិងចំនួន៣ខ្នងទៀត របើកដំបូលរប៉ាត់រប៉ាយ។ផ្ទះម្ចាស់ឈ្មោះ ង៉ែត រឿន ខូចខាតទាំងស្រុង,ឈ្មោះ អើង ពុធ ខូចខាតទាំងស្រុង,ឈ្មោះ ណន់ ណារ៉ុង របើកដំបូល ក្បឿង និងរហែកដែកស័ង្កសី មួយចំហៀង,ឈ្មោះ នូវ វ័ន្ត របើកដំបូលក្បឿងមួយចំហៀង, និងឈ្មោះ ធន ធឿន របើកដំបូលក្បឿង មួយចំហៀង។

លោកឧត្តមសេនីយ៍ត្រី ហ៊ុ សំអុល បានបន្តថា នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ ដោយសារគ្រោះធម្មជាតិខ្យល់កន្ទ្រាក់នេះទេ៕