ភ្នំពេញ៖ លោកយាយអាយុ ៨៣ឆ្នាំម្នាក់ និងកុមារ ២នាក់បងប្អូន បានពុលស្លាប់បាត់បង់ជីវិត ក្រោយហូបផ្សិតដែលមិនស្គាល់ ខណៈមានមនុស្ស ១១នាក់ផ្សេងទៀត កំពុងសង្គ្រោះបន្ទាន់ ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២១-២៨ មេសា មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានទទួលពិនិត្យ និងព្យាបាលពលរដ្ឋពុលផ្សិតចំនួន ១៤នាក់ ដោយមានការដឹកជញ្ជូនមកសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពួកគាត់បរិភោគរួច ។
លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានឲ្យដឹងថា អ្នកស្លាប់៣នាក់នោះ ទី១.ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ជូនជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងទី៣- ប៊ុនណា សៀវម៉ាន់ អាយុ១៣ភេទ ប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។ លោកថា ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងគ្រោះធ្ងន់ស្រាលចំនួន ១១នាក់ទៀតផងដែរ ។
ទោះយ៉ាងណា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់ ដោយយកចិត្តទុកដាក់ខ្ពស់ឈរលើក្រមសីលធម៌ និងគុណធម៌របស់គ្រូពេទ្យ។ ជាក់ស្តែងក្រុមពេទ្យ ក៏បានជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្ត របស់ក្រុមជនរងគ្រោះផងដែរ ៕