ផ្គើនណាស់! ឃាត់មនុស្ស ៥នាក់ ប្រមូលផ្តុំគ្នាផឹកស៊ី ល្មើសនឹងវិធានការបិទខ្ទប់ របស់រាជរដ្ឋាភិបាល

0

ភ្នំពេញ៖ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមត្ថកិច្ចអធិការដ្ឋាន នគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងសន្តិសុខសាលាខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត នាយករងរដ្ឋបាលសាលាខណ្ឌ បានឃាត់ខ្លួនមនុស្សចំនួន ៥នាក់ និងពិន័យម្នាក់ៗ ២លានរៀល ករណីល្មើសវិធានការបិទខ្ទប់ ដែលប្រមូលផ្តុំគ្នាផឹកស៊ី។

ការឃាត់ខ្លួនមនុស្សទាំង ៥នាក់ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចភូមិព្រៃកុដ៏ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក លឹម ចាន់ដាវុធ បានបញ្ជាក់ឱ្យដឹងថា អ្នកល្មើសនឹងវិធានការរដ្ឋបាលខាងលើរួមមានទី១៖ ឈ្មោះ កង វុទ្ធី អាយុ៦០ឆ្នាំ, ទី២៖ ឈ្មោះ នុត សាវី អាយុ៤២ឆ្នាំ, ទី៣៖ ឈ្មោះ កាយ គ្រិះស្នា អាយុ២៩ឆ្នាំ, ទី៤៖ ឈ្មោះ ឆិល សាន់ អាយុ៤៣ឆ្នាំ និងទី៥៖ ឈ្មោះ មុី រឿន អាយុ៤១ឆ្នាំ។

លោក លឹម ចាន់ដាវុធ បានបញ្ជាក់ថា បច្ចុប្បន្នអ្នកទាំង ៥នាក់ខាងលេី ត្រូវបានប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដេីម្បីអនុវត្តន៍នីតិវិធីពិន័យអន្តរការណ៍ក្នុងម្នាក់ៗ ត្រូវពិន័យអន្តរការណ៍ ២លានរៀល ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕