កំពុងលក់ត្រីជាមួយគ្នាសុខៗ ស្រាប់តែតឹងសរសៃកដាក់គ្នា បុរស ២នាក់ ទាញដាវកាប់គូទំនាស់របួសធ្ងន់

0

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានចាប់ជនដៃដល់ ២នាក់ ករណីយកដាវកាប់លើគូទំនាស់ ឱ្យរងរបួសធ្ងន់ដែលកើតពីការ ទាស់សម្តីគ្នាពេលលក់ត្រី។ ករណីនេះកើតឡើងនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ឈ្មោះ ខឹម ស៊ីន អាយុ២៧ឆ្នាំ និងឈ្មោះ ស សេរីវុត្ថា អាយុ២៧ឆ្នាំ ទាំង២នាក់រស់នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ បានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមានទាំង២នាក់ ។ ចំណែកជនរងគ្រោះឈ្មោះ សាន់ វណ្ណា អាយុ២៥ឆ្នាំ នៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែករងរបួសក្បាលនិងជើងខាងឆ្វេងធ្ងន់ធ្ងរ។

បច្ចុប្បន្ន ជនរងគ្រោះកំពុងព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក រីឯជនសង្ស័យទាំងពីរនាក់ ឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕