ភ្នំពេញ៖ កម្លាំងនគរបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចាប់មន្ត្រីយោធាម្នាក់ ដែលបានបាញ់ច្រើនគ្រាប់ ទៅលើបុរសម្នាក់ នៅក្នុងចម្ការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បណ្ដាលឱ្យស្លាប់។ ហេតុការណ៍មនុស្សឃាតនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានឱ្យប្រព័ន្ធផ្សព្វផ្សាយ ដឹងនាព្រឹកថ្ងៃទី២៥ ខែមេសានេះថា ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនី ខាងស្តាំ ២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំ១គ្រាប់។ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ប៉ុន្តែដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ ក្រោយពេលទៅដល់មន្ទីរពេទ្យ។
លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ រឹម ចន្ថា ភេទប្រុសអាយុ ៣៧ឆ្នាំមុខរបរកម្មករចាក់ជ័រកៅស៊ូ ទីលំនៅកន្លែងកើតហេតុ។ រីឯជនដៃដល់ឈ្មោះ លី ថេងជាង អាយុ៤៨ឆ្នាំ មុខរបរយោធា។
សមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាកCF98១ដើម សំបកកាទូសចំនួន ៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន ៤គ្រាប់ បង់ចំនួន ១ និងរថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ផ្លាកលេខ 2Z-9098។
ចំពោះមូលហេតុដែលឈានដល់ការបាញ់សម្លាប់ជនរងគ្រោះនេះ សមត្ថកិច្ចមិនបានបញ្ជាក់នោះឡើយ ដោយបង្ហើបថា មូលហេតុនៃការផ្ទុះអាវុធនេះ គឺមានការស៊ីជម្រៅ ខណៈជនសង្ស័យ ក៏មានសារធាតុញៀន ក្នុងខ្លួនផងដែរ តាមរយៈការពិនិត្យទឹកនោម។
បច្ចុប្បន្នជនដៃដល់ និងវត្ថុតាង ត្រូវសមត្ថកិច្ចនគរបាលខេត្តរតនគិរី កសាងសុំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕