ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ថ្ងៃនេះ អ្នកល្មេីសបម្រាម បានដាក់អោយធ្វើចត្តាឡីស័ក និងបានយកសំណាក ជាលទ្ធផលរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ បន្ថែមទៀត មកពីរាជធានីភ្នំពេញ ៣នាក់ និងខេត្តព្រះសីហនុម្នាក់។
អ្នកទាំង ៤នាក់នេះមន្ត្រីនគរបាលយុត្តិធម៌ស្រុកកំពុងតែបន្តនិតិវិធីពិន័យអន្តរការណ៍តាមវិធានការរដ្ឋបាលហើយ។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានសំណូមពរ និងស្នើសុំដល់ប្រជាពលរដ្ឋខេត្តព្រៃវែងយើង ជាពិសេស អ្នកដែលមានសាច់ញាតិ ធ្វើការនៅរាជធានី ខេត្តក្រុងផ្សេងៗ ក៏ដូចជាចំណាកស្រុកនៅប្រទេសថៃជាដើម សូមជំរាបប្រាប់ទៅពួកគាត់ថា បើគ្រាន់តែចង់មកលេងសប្បាយ ជួបជុំគ្រួសារនោះទេ គួរកុំទាន់មកលេងអី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានចូលរួមសហការ ដោយរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរអំពីជនសង្ស័យ ដែលធ្វើការចល័តទីមកពីកន្លែងផ្សេងៗ ល្មើសបម្រាមរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីអោយសមត្ថកិច្ចអន្តរាគមន៍ ចាត់ការតាមវិធានការច្បាប់ដែលឈានដល់ ការទទួលទណ្ឌកម្មព្រហ្មទណ្ឌ ៕



