បុរសខ្លាំងនៃកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស

0

ភ្នំពេញ៖ នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃកម្ពុជា កំពុងដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលជាន់ខ្ពស់ តាមជើងយន្តហោះកម្ពុជាពិសេស ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី២៣ មេសានេះ សម្ដេចតេជោ បានឲ្យដឹងថា មេដឹកនាំអាស៊ានភាគច្រើន នឹងទៅដល់ទីក្រុងហ្សាកាតា នៅរសៀលនេះ។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ របស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយ បណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។
ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ សម្ដេចនឹងវិលត្រឡប់មកកម្ពុជាវិញ នៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។ ពេលមកដល់កម្ពុជាភ្លាម សម្ដេចនិងគណៈប្រតិភូ នឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា ។

សម្ដេចបានអរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

សម្ដេចក៏បានអរគុណសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល និងចូលរួមឧបត្ថម្ភដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុង ត្រូវការជំនួយស្បៀងអាហារ។

សម្ដេចបានអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល៕