ភ្នំពេញ៖ មន្ត្រីយោធាផ្កាយ២ ស៊ុំ ពៅ និងបក្ខពួកចំនួន ៦នាក់ផ្សេងទៀត នឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្រោយលួចរត់ពន្ធជនជាតិចិន ២៨នាក់ ពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបម្រាមរាជរដ្ឋាភិបាល ។
សូមរំលឹកថា មន្ត្រីយោធាផ្កាយ២ ថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ និងបក្សពួក ៦នាក់ទៀត ត្រូវសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនពីបទបំពាន បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញទៅខេត្ត ទូទាំងប្រទេសដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែលោកផ្កាយ២ និងបក្សពួកហ៊ានប្រឆាំងបទបញ្ជាលួច ដឹកជនជាតិចិនចំនួន ២៨នាក់ពីក្រុងបាវិត ខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ដោយខុសច្បាប់។
ករណីនេះបានកើតឡើង កាលពីវេលាយប់ម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារTTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារTTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនទាំងនោះ ឡើងចូលក្នុងរថយន្ត ដោយសង្ស័យក៏ឃាត់សាកសួរនាំ ទើបបែកធ្លាយរឿងរត់ពន្ធដឹកចិនទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពីសាកសួររួច ជនជាតិចិនទាំង២៨នាក់នោះ ត្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យចេញលទ្ធផល បានរកទីតាំងដាក់ជាក្រោយ។
ប្រភពដដែលបន្តទៀតថា អ្នកជាមេខ្លោងឈ្មោះ ស៊ុ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ ផ្កាយ២ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយបុរសម្នាក់ទៀត ឈ្មោះ ស៊ូ សុភា (ពាក់អាវក្រហម ខោក្រហម) ជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន (ពីរស្រុកស្វាយជ្រំ ពីស្រុករមាសហែក មកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារTTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយ២នេះ ដឹកពីក្រុងបាវិត ទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញ មកក្រុងបាវិតខេត្តស្វាយរៀង)។
សមត្ថកិច្ចបន្តទៀតថា ចំណែក៥នាក់ផ្សេងទៀត គឺមិនមែនជាមន្ត្រីយោធាទេ គឺពួកគេត្រូវលោកផ្កាយ២ បានឲ្យក្លែងជាមន្ត្រីយោធា ហើយជួលឲ្យបើករថយន្តប៉ុណ្ណោះ នេះបើតាមចម្លើយសារភាពអ្នកទាំង៥នាក់។
ក្រោយពីសាកសួរអស់រយៈពេញ១ថ្ងៃ នៅវេលាម៉ោង៦ល្ងាច ថ្ងៃ២២ ខែមេសា ជនសង្ស័យទាំង០៧នាក់នេះ ត្រូវបានក្រុមសមត្ថកិច្ច អធិការនគរបាលក្រុងបាវិត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី នៅថ្ងៃទី២៣ ខែមេសានេះ ៕











