ភ្នំពេញ៖កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប ( កំពង់នង់) កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៧នាក់(ស្រី ០៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ០១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូ ពីខេត្តកំពតឆ្ពោះទៅខេត្តកែប តាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅ ទៅកាន់ប្រទេសវៀតណាម។
ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹង និងសុំការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅបណ្ដា រាជធានី-ខេត្ត ដែលមានឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ ពិសេសនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញក្នុងកាលៈទេសៈដ៏លំបាកនេះ។
ជាងនេះទៅទៀត សូមកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេចវេសមិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ ៕



