ភ្នំពេញ៖ ស្របពេលដែលអាជ្ញាធរមួយចំនួន កំពុងត្រៀមរំពាត់ជាច្រើន សម្រាប់ប្រើធម៌ក្ដៅ ចំពោះពលរដ្ឋណាដែល នៅតែបន្តរឹងទទឹងល្មើសនឹងបម្រាមនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហឹង្សាគឺ អាជ្ញាធរជាអ្នកខុស ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ ក្រោយពីប្រជាពលដ្ឋមួយចំនួន នៅតែបន្តរឹងទទឹង ចេញដើរហើរក្រៅផ្ទះ សមត្ថកិច្ច បានកាន់រំពាត់គ្រប់ដៃ ដើម្បីបង្ក្រាបអ្នកដែលរឹងរូស មិនអនុវត្តតាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់តំបន់មួយចំនួនជាតំបន់ក្រហម ។
ទាក់ទិនករណីនេះលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់តាមហ្វេសប៊ុក នារសៀលថ្ងៃទី២១ មេសានេះថា «សូមនិយាយពីរឿងមួយ៖ ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិ ភ្ជាប់ជាមួយអំពើហឹង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្ម ដោយអំពើហឹង្សា ។ កុំភ្លេចពាក្យ «បំរើប្រជាជន» ។ នៅឥណ្ឌា ប៉ូលីសវ៉ៃអ្នកប្រព្រឹត្តខុស ទីបំផុតមួយសង្កាត់បះតបវិញរត់បះជើង ។ មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហឹង្សាគឺអាជ្ញាធរជាអ្នកខុស» ។
សូមបញ្ជាក់ផងដែរថា ចំពោះតំបន់ក្រហម មិនអាចចេញក្រៅផ្ទះបានជាដាច់ខាត លើកលែងមានបញ្ហាសុខភាពបន្ទាន់ ទៅផ្ដល់សំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត និងទៅចាក់វ៉ាក់សាំងដូសទី២ នៅក្នុងតំបន់ក្រហមជិតបំផុត ។
ទីតាំងដែលត្រូវកំណត់ជា តំបន់ក្រហម នៅរាជធានីភ្នំពេញរួមមាន៖
ទី១. ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។
ទី២. ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ទី៣. ភូមិ១៤ ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក៕




