ភ្នំពេញ៖ មួយគ្រួសារមានសមាជិក ៤នាក់នាំគ្នាហូបផ្សិតព្រៃច្រឡំថា ជាផ្សិតកាជោបណ្តាលឱ្យពុល តែអាជ្ញាធរដឹកយកសង្គ្រោះទាន់ ។ ករណីនេះកើតកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា សមាជិកគ្រួសារដែលពុលផ្សិតរួមមាន៖ ឈ្មោះ អៃ សះ ភេទស្រី អាយុ៦២ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាម្តាយ, ឈ្មោះ តេះ ហ្សើបៀត ភេទប្រុស អាយុ២៤ឆ្នាំ ជាកូនបង្កើត,ឈ្មោះ តេះ ហាហ្វីស ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវកូនបង្កើត, ឈ្មោះ សុះ កើរីយ៉ាស់ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមេផ្ទះជាកូនប្រសារ ។
ប្រភពដដែលបន្តថា គ្រួសារនេះបានបរិភោគផ្សិត ដែលកូនប្រុសដកមកពីភ្នំដោយគិតថា ជាផ្សិតកាជោទើបយកមកចំអិនហូប។ ក្រោយពីបរិភោគរួចភ្លាមៗ ក៏មានអាការៈវិលមុខឈឺក្បាល និងក្អួតចង្អោរទាំងអស់គ្នាតែម្តង។ ជនរងគ្រោះបានបញ្ជូន ទៅមន្ទីរព្យាបាលនៅពេទ្យខេត្តកំពតភ្លាមៗ ហើយបើតាមរបាយការណ៍ចុងក្រោយ ឱ្យដឹងថា ជនរងគ្រោះបានធូរស្បើយឡើងវិញអស់ហើយ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ ៕






