នៅមានចឹងទៀត! ចាប់បញ្ជូនមនុស្ស ៨នាក់ឲ្យត្រឡប់ក្រោយវិញ បន្ទាប់ពីនាំគ្នាជិះឡានពីភ្នំពេញ បំពានបម្រាមចូលខេត្តកំពង់ឆ្នាំង

0

ភ្នំពេញ៖ រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះ គ្នា៨នាក់ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាមនៅចំណុចគោលដៅ សមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា រថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះបានបំពានបម្រាម បើកឆ្លងកាត់ដោយគ្មានការអនុញ្ញាត ពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។

លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការ ឲ្យសហការជាមួយអ ធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះដែលបានបំពានបំរាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះបាន នៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូតស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។

បន្ទាប់ពីធ្វើការសាកសួររួចរាល់ លោកស្នងការ ក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញ ដោយមានកម្លាំងសន្តិសុខ បើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើង នៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ ៕