ភ្នំពេញ៖ ចាប់រថយន្ត ១គ្រឿងលួចដឹកមាន់រស់អត់ច្បាប់ជាង ១.០០០ក្បាល ពីថៃចូលមកកម្ពុជា តាមច្រករបៀងព្រំដែនកម្ពុជាថៃ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ករណីចាប់ឡានដឹកមាន់នេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅផ្លូវជាតិ លេខ៥ ក្បែរស្ថានីយ៍ថ្លឹងរថយន្តកូនដំរី ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
បើតាមលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកបានដាក់មន្ត្រីតាមគោលដៅ ស្ទាក់ចាប់រថយន្តឈ្មួញ លួចដឹកមាន់រស់ ចូលពីប្រទេសជិតខាងមកកម្ពុជា ។ រថយន្តមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2F-3428 ដឹកមាន់រស់ចំនួន ១.១០០ក្បាលយកចូលមក ខេត្តបន្ទាយមានជ័យ។
លោកបន្តថា តាមនីតិវិធី នៃជំនាញនឹងយកសំណាក ផ្ញើទៅពិនិត្យ នៅមន្ទីរពិសោធន៍ វីរុសសាស្ត្រ នៃវិទ្យាល័យជាតិស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាព សត្វ នៃក្រសួងកសិកម្ម រាជធានីភ្នំពេញ ដើម្បីឱ្យដឹងថា តើមាន់ទាំងនោះមាន ជំងឺផ្តាសាយបក្សី ឬអត់? ។
តែចំពោះមុខមន្ត្រីជំនាញ តាមដានសុខភាពសត្វ និងដាក់ឱ្យធ្វើចត្តាឡីស័ក ក្នុងអំឡុងពេល ២ទៅ ៣ថ្ងៃសិន ។ បើមិនមានអ្វីគួរឱ្យកត់សម្គាល់ នៃជំងឺផ្តាសាយបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាម នីតិវិធីច្បាប់ដោយផាកពិន័យ ៕