ឃាត់ខ្លួន មេខ្យល់ជនជាតិថៃម្នាក់ នាំពលករខុសច្បាប់ ចូលកម្ពុជា

0

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកទ្វារព្រំដែន អន្តរជាតិចាំយាម ខេត្តកោះកុង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនមេខ្យល់ដែលព្យាយាមលួចលាក់ដឹកជញ្ចូនពលករខុសច្បាប់ពីខេត្តត្រាត ប្រទេសថៃ មកកាន់ខេត្តកោះកុង។

លោក ង៉ុយ ជៀង នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ឲ្យដឹងថា ដោយមានការសង្ស័យ ទៅលើរថយន្ត១គ្រឿង សមត្ថកិច្ច ក៏បានត្រួតពិនិត្យ ជាក់ស្តែងហើយឆែកឆេរ រកឃើញពលករម្នាក់ ក្នុងរថយន្ត ដែលកំពុងលាក់ខ្លួន ក្នុងរថយន្ត។

លោកបានឲ្យដឹងបន្ថែមថា បុរសវ័យចាស់ឈ្មោះ សេ លៀង អាយុ៦៤ឆ្នាំ ជនជាតិថៃ ទីលំនៅទីរួមខេត្តត្រាត ជាក់ស្តែងរកឃើញ មានការលួចលាក់ រត់ពន្ធមនុស្សខុសច្បាប់១ ម្នាក់ដោយមធ្យោបាយ ដឹកតាមរយៈរថយន្ត១គ្រឿង ម៉ាក់ ISUO ពាក់ស្លាកលេខថ ៧៩៧៩ ពណ៍ប្រផះ។

បុរសដែល កម្លាំងឃាត់ខ្លួន ឈ្មោះសំរ៉ន វ៉ាន់ ឌី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បម្រើការងារជាពលករ នៅស្រុកខ្លងយ៉ៃ ខេត្តត្រាត។

លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា ថ្លែងដែរថា បន្ទាប់ពីការសាកសួរ និងធ្វើកំណត់ហេតុ របស់នគរបាលអន្តោប្រវេសន៍ រួចបញ្ចូនមកកាន់អធិការដ្ឋាន ហើយរូបលោក ក៏បញ្ចូនខ្លួន មេខ្យល់ ទៅកាន់ពន្ធនាគារ បន្តរង់ចាំការអនុវត្តនីតិវិធីច្បាប់។