អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យចាត់វិធានការ ចំពោះកន្លែងលក់ដូរទំនិញ ដែលឡើងថ្លៃហួសហេតុ

0

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់
ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណាដែលឡើងថ្លៃហួសហេតុ ក្នុង គ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។

លោក ឃួង ស្រេង បានចាត់ទុកថាការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ការចេញមកប្រកាសចាត់វិធានការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា អាជីវករមួយចំនួនបានឆ្លៀតឱកាសកេងចំណេញហួសហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀងអាហារ ដើម្បីត្រៀមទុកបរិភោគ កាលពីយប់ទី១៤.០៤.២០២១។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ម្ចាស់ហាង និងកន្លែងលក់ដូរមួយចំនួនបានឆ្លៀត ឱកាសកេងចំណេញឡើងថ្លៃហួសហេតុ នៅពេលដែលប្រជាពលរដ្ឋសម្រុកនាំគ្នាទៅទិញស្បៀងអាហារ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ហាង និងកន្លែងលក់ដូរដែលដំឡើងថ្លៃ ហើយសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់»៕