ភ្នំពេញ៖ ត្រឹមតែរយៈពេល ៨០ម៉ោង លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អាចសម្រេចភារកិច្ចដ៏ធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ នាព្រឹកថ្ងៃទី១៣ មេសានេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដោយសារការកើនឡើងជាគំហុក នៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជា ឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាល ប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាព ក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យ មានការព្យាបាលនៅតាមផ្ទះ ជាលក្ខណៈទំលំទូលាយ ។
លោកឧត្ដមសេនីយ៍ឯក បញ្ជាក់ថា «ក្រុមការងារបានរួមគ្នា ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំ អាគារមួយចំនួននៅកោះពេជ្រ ជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀម ទទួលព្យាបាលអ្នកជំងឺ ក្នុងរយៈពេល ៨០ម៉ោង» ។
លោកឧត្ដមសេនីយ៍ឯក បានអរគុណដល់បងប្អូន ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការការរៀបចំនេះ ព្រោះបើគ្មានការចូលរួម យ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការ ដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។
លោកក៏បានថ្លែងអរគុណដល់ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាល ខ្ចីទីតាំងមួយចំនួននៅកោះពេជ្រ សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។
លោកគូសបញ្ជាក់ថា ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូន ប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។ មានតែការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស ៕















