ភ្នំពេញ៖ អតីតស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួកដែលពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ជិត២គីឡូក្រាមត្រូវតុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ ក្រោមការចោទប្រកាន់ពីបទ “រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀន” និងបទ “សម្អាតលុយ”។ ។
គួររំលឹកថា កម្លាំងនគរបាលបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននិងចាប់ជនសង្ស័យ៣នាក់ ដកហូតគ្រឿងញៀនជិត២គីឡូក្រាម កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១កន្លងទៅ នៅចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង៣នាក់ ដែលចាប់ខ្លួននេះឈ្មោះ អ៊ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ។ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំ និង ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។ ក្នុងប្រតិបត្តិការកម្លាំងនគរបាលជំនាញ ដកហូតបាន គ្រឿងញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់១.៧៣៨,៣៣ក្រាម៕