បន្ទាយមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិភ្លាមៗ នៅនឹងកន្លែងដោយសាររន្ទះបាញ់ ខណៈកំពុងខ្វារត្រីឆ្លូញ នៅវាលត្រពាំងកក់ ខាងត្បូងភូមិ ពេលមេឃកំពុងភ្លៀង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅចំណុចវាលត្រពាំងកក់ខាងត្បូងភូមិម្កាក់ ចំងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចក់ ចាន់ធី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុជនរង គ្រោះបានជិៈម៉ូតូទៅខ្វារត្រីស្លូញតែម្នាក់ឯង នៅចំណុចវាលត្រពាំងកក់ខាងត្បូង ភូមិម្កាក់ ចំងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ។
ប្រភពដដែលបានបញ្ជាក់ថា មានប្រជាពលរដ្ឋម្នាក់ធ្វើស្រែ នៅជិតនោះនិយាយថា គាត់ឮរន្ទះបាញ់ប្រាវ ដោយមានការភ័យ គាត់បើកត្រាក់ទ័រ ត្រឡប់ពីភ្ជួរស្រែមកផ្ទះវិញ ។
ពេលបើកមកដល់ចំណុចខាងលើ បានប្រទះឃើញជនរងគ្រោះ ដេកស្លាប់លើខ្នងទំនប់ក្បែរម៉ូតូ ដោយមានដងកង្ខារ សម្រាប់ខ្វារត្រីឆ្លូញ ធ្វើអំពីប្ញស្សី ប្រវែង០២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍ មកសមត្ថកិច្ច ។
ពេលសមត្ថកិច្ចចុះទៅដល់ ពិនិត្យឃើញថា ជនរងគ្រោះគឺស្លាប់ ដោយសាររន្ទះបាញ់ ខណៈពេលរៀបឡើងជិះម៉ូតូត្រឡប់មកផ្ទះ ។
សពជនរងគ្រោះ ក្រោយពីនិត្យរួចបានប្រគល់ជូន ក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕