ក្រុមសិល្បៈមួយក្រុម ត្រូវបានអាជ្ញាធរ សហការជាមួយជំនាញ វប្បធម៌ធ្វើការណែនាំ ឱ្យផ្អាកសកម្មភាពថតវីដេអូ MV

0

ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទទួលបានសំណូមពរ ពីប្រជាពលរដ្ឋ ថាមានក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fims មកស្នាក់នៅក្នុងដីឡូតិ៍ មួយកន្លែង នៅក្នុងភូមិសាស្ត្រស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ម្ចាស់ឈ្មោះ ប៊ុន ចាន់និមុល ភេទស្រី អាយុ ៣៣ឆ្នាំ ក្នុងភូមិត្រពាំងល្ពាក់ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងនោះមានមនុស្សប្រុស-ស្រី តារាចម្រៀង តារាសម្ដែង និងអ្នកផលិតកម្មវិធី ប្រមាណ១៥នាក់ ស្រី៥ បញ្ជាក់ ទាំង១៥នាក់ មកទីនេះរយៈពេល ៤៥ថៃ្ងមកហើយ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ។

ក្រុមសិល្បៈរបស់ផលិតកម្ម SASTRA Fims ដែលមកពីភ្នំពេញ ចំនួន៨នាក់បន្ថែម ក្នុងគោលបំណង មករកថតនៅក្នុងដីឡូតិ៍ ប៊ុន ចាន់និមុល ត្រូវបានវិលត្រឡប់ទៅរាជធានីភ្នំពេញ អស់ហើយ នៅតែម្ចាស់ដីឡូតិ៍ ឈ្មោះ ប៊ុន ចាន់និមុល និងសិល្បករ សិល្បការិនី ប្រមាណ១៥នាក់ ស្រី ០៥នាក់ មិនហ៊ានត្រឡប់ទៅរាជធានីភ្នំពេញវិញទេ មូលហេតុដោយពួកខ្លួននៅទីនេះ ដោយអនុវត្ដតាមការណែនាំ របស់សាលារាជធានីភ្នំពេញ និងសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមិនអនុញ្ញាតឱ្យធ្វើដំណើរ ក្នុងតំណាក់កាលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពិសេសការរីករាលដាល ជំងឺកូវីដ-១៩ ចល័តពីខេត្ដមួយទៅខេត្តមួយទៀត ។

សូមបងប្អូនចូលរួមអនុវត្ដ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ដាក់ចេញដោយសម្ដេចតេជោ នាយករដ្ឋមន្រ្ដី ៕