ប្រមុខការពារជាតិ៖ ការចូលរួមពីពលរដ្ឋ ជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលជ័យជំនះ ក្នុងសង្គ្រាមជាមួយមេរោគកូរ៉ូណា

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការចូលរួមរបស់សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ទាំងថវិកា និងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាល គឺឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគដ៏កាចសាហាវនេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ មេសានេះ សម្ដេច ទៀ បាញ់ បានកោតសរសើរចំពោះ សប្បុរសជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងបន្ត ចូលរួមយ៉ាងពេញទំហឹង ទាំងថវិកានិងកម្លាំងកាយចិត្ត ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលរបស់យើង ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចពីជ័យសេនា បញ្ជាក់ថា «ការចូលរួមរបស់បងប្អូន ឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ដែលជាកត្តាយ៉ាងសំខាន់ ដើម្បីទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាមួយនឹងមេរោគដ៏កាចសាហាវនេះ» ។

សូមរំលឹកថា កាលពីម្សិលមិញក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ដែលមិនធ្លាប់មានកាលពីពេលកន្លងមក ហើយក៏ជាចំនួនច្រើនជាងគេដែរ គឺរហូតដល់ ៥៧៦នាក់ និងមានអ្នកជាសះស្បើយ ៧០នាក់ ។ បើគិតត្រឹមថ្ងៃទី៩ មេសា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣៦០៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១៩៨៤នាក់ អ្នកកំពុងព្យាបាល ១៥៩១នាក់ និងមានអ្នកស្លាប់ ២៥នាក់ ៕