ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសអន្តរក្រសួងស្តីពី ការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
ក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ការពិន័យអន្ដរការណ៍ចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋ បាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត ជាសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាងនេះទៅទៀត ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ជាប្រាក់ពី១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០ (ប្រាំលាន)រៀល ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត។ កម្រិតទឹកប្រាក់សម្រាប់ការដាក់ទណ្ឌកម្មពិន័យអន្ដរការណ៍ ទៅតាមវិធានការរដ្ឋបាលនីមួយ ចំពោះបុគ្គល ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល ត្រូវសម្រេចដោយរដ្ឋបាលរាជធានី-ខេត្ត សាមីនីមួយ៕




