ភ្នំពេញ៖ ស្រ្តីម្នាក់ដែលអ្នកភូមិ តែងដឹងថាគាត់ចូលចិត្តផឹកស្រា ជាប្រចាំត្រូវបានគេឃើញ ស្លាបផ្កាប់មុខ ក្នុងផើងទឹក នៅក្រោយផ្ទះ។ ហេតុការណ៍នេះបានកើតឡើង នៅភូមិស្រាងខ្ពស់ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ស្ត្រីដែលស្លាប់នេះឈ្មោះធុន សាម៉នអាយុ៤៨ឆ្នាំ ប្តីឈ្មោះសិន រ៉េត អាយុ៦៩ឆ្នាំរស់នៅ ក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។នៅយប់ថ្ងៃទី៧ខែមេសា ស្ត្រីរូបនេះដេក នៅខាងមុខផ្ទះឯប្ដី ដេកនៅខាងក្រោយផ្ទះ។
មន្ត្រីដដែលបានបន្តថា នៅព្រឹកឡើង ថ្ងៃទី៨ ខែមេសា បុរសជាប្ដី បានបើកទ្វារផ្ទះស្រាប់ តែបាត់ប្រពន្ធ មិនឃើញក៏បានរកទើបប្រទះឃើញ ប្រពន្ធដេកស្លាប់ ផ្កាប់មុខក្នុងផើងផ្កា មានទឹក ហើយបានរាយការណ៍ ជូនសមត្ថកិច្ច នគរបាលមូលដ្ឋាន។
សមត្ថកិច្ច ក៏បានចុះធ្វើកោសល្យវិច្ច័យ និងបានដាក់ការសន្និដ្ឋានថា ស្រី្តខាងលើប្រហែលជាខ្យល់គ ហើយដួលក្នុងផើងមានទឹក បណ្តាលឱ្យស្លាប់តែម្តង។ប្រជាពលរដ្ឋ ដែលមានលំនៅស្ថាននៅក្បែរបានឱ្យដឹងថា៖ ស្រី្តខាងលើជាមនុស្សញៀនស្រាផឹករាល់ថ្ងៃដោយសង្ស័យស្រវឹងខ្លាំងដើរទៅដួលផ្កាប់មុខហើយពុំមាននរណាដឹងទើបបណ្ដាលឱ្យលង់ទឹកស្លាប់បែបនេះ ៕