អភិបាលខេត្តព្រះសីហនុ ទទួលព័ត៌មានថា មានបងប្អូននៅទំនប់រលកខ្លះ ចុះឈ្មោះហើយ មិនព្រមមកយកសំណាកតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ខ្លះបានចុះឈ្មោះហើយ ប៉ុន្តែមិនមកយកសំណាក តេស្តរកកូវីដ១៩ បើបណ្តោយខ្លួន មិនព្រមមកពិនិត្យឲ្យបានច្បាស់លាស់ពីដើមទីទេ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ មេសានេះ លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «“អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា” (ពិតណាស់សម័យកូវីត) សូមបងប្អូននៅទំនប់រលក ចូលរូមអនុវត្តិន៍ឲ្យបានត្រឹមត្រូវតាមការណែនាំ តាមកម្មវិធីដែលក្រុមការងារបានរៀបចំ។ តាមពត៌មានថា មានខ្លះចុះឈ្មោះហើយ មិនមកយកសំណាក បើបណ្តោយខ្លួន មិនព្រមមកពិនិត្យឲ្យបានច្បាស់លាស់ពីដើមទីទេ ប្រសិនមានកូវីតចូលវាយលុកដល់សួត គឺលំបាកព្យាបាល ហើយអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត និងអាចចម្លងបន្តដល់ក្រុមគ្រួសារ និងអ្នកជិតខាងថែមទៀត។ ជម្រើសល្អបំផុតគឺត្រូវតែមកយកសំណាកឲ្យបានគ្រប់គ្នា និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវទើបគេចផុតពីគ្រោះថ្នាក់ និងឆាប់បានបើកតំបន់ឡើងវិញផង» ។