ក្រុមហ៊ុន Google បានដាក់បញ្ចូលមុខងារ ត្រីវិស័យជាមួយនឹងកម្មវិធីផែនទី (Google Maps) ឡើងវិញ

0

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Google បានសម្រេចដកមុខងារត្រីវិស័យចេញពីកម្មវិធីផែនទី (Google Maps) ដោយសារតែពួកគេគិតថា មុខងារនេះគឺមិនមានសារៈសំខាន់ ហើយវានាំឱ្យមានភាពរញ៉េរញ៉ៃ ក្នុងការប្រើកម្មវិធីផែនទី ប៉ុន្តែអ្វីដែលមិនសមកើតមានឡើងនោះ គឺក្រុមហ៊ុននៅតែបន្តដាក់ឱ្យប្រើមុខងារនេះជាមួយនឹងកម្មវិធី Google Maps សម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS ទៅវិញ។ នេះបើយោងតាមហ្វេសប៊ុក ។

បន្ទាប់ពីក្រុមហ៊ុនបាន ដកមុខងារត្រីវិស័យនោះមក អ្នកប្រើប្រាស់ជាច្រើនបានសំដែង ការមិនពេញចិត្តតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម ដែលពួកគេចង់ឱ្យក្រុមហ៊ុន ដាក់បញ្ចូលមុខងារនេះមកវិញ។ ដូច្នេះហើយក្រុមហ៊ុន Google បានដាក់បញ្ចូលមុខងារត្រីវិស័យជាមួយនឹង កម្មវិធីផែនទីកាលពីម្សិលមិញនេះ។

ប្រសិនបើលោកអ្នកកំពុងតែប្រើកម្មវិធី Google Maps ជាមួយទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ហើយលោកអ្នកចង់ប្រើមុខងារត្រីវិស័យនោះ លោកអ្នកអាចធ្វើបច្ចុប្បន្នភាព កម្មវិធីដោយទាញយកកម្មវិធី Google Maps ជំនាន់ 10.62៕