ភ្នំពេញ៖ បញ្ហាបាត់បង់សមាជិកគ្រួសារ នរណាក៏ធ្លាប់ជួប ក៏ធ្លាប់ប្រទះ តែអាស្រ័យលើកត្ដាផ្សេងៗគ្នា អ្នកខ្លះដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកខ្លះដោយសារជំងឺប្រចាំកាយ ។ល។ ប៉ុន្តែអ្វីដែលគួរអោយសោកសង្រេង នឹងពិបាកទទួលយកបាននោះ គឺការបាត់បង់ទៅទាំងដែលមិនបាន ជួបមុខចុងក្រោយ ឬធ្វើពិធីបុណ្យសពបាន ដោយកត្តាជំងឺដ៏កាចសាហាវ ឃោរឃៅ បំផុត កូវីដ១៩ ដែលកំពុងផ្ទុះឡើង នៅទូទាំងពិភពលោក ទាំងមូល។
ជាក់ស្ដែងកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសករណីជនរងគ្រោះ ដែលស្លាប់ដោយសារវីរុសកូវីដ-១៩ ចំនួន ៣ នាក់។ ក្នុងនោះ ២ នាក់ជាស្ត្រីវ័យ ៥៦ ឆ្នាំ និងម្នាក់ទៀតជានារីវ័យ ២៨ ឆ្នាំ។
ម្នាក់ក្នុងចំណោមស្ត្រីចំណាស់ទាំងពីរ ត្រូវបានកូនស្រីចេញមុខ មកសរសេររៀបរាប់ ពីទឹកចិត្តស្រឡាញ់ ខ្វល់ខ្វាយរបស់គាត់ តាំងពីដំណាក់កាលឆ្លងដំបូង រហូតដល់ពេលគាត់ទទួលមរណភាព អានហើយសឹងទប់ទឹកភ្នែកមិនបាន។
នេះជាខ្លឹមសារដើមទាំងស្រុង ដែលកូនស្រីរបស់ស្ត្រីរងគ្រោះ បានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានគណនីឈ្មោះ Ellie Kim៖
ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១
ម៉ោង ១១ ព្រឹកក្រោយលឺដំណឹងម៉ាក់ឈឺ ៨ ថ្ងៃ ខ្ញុំបានទៅមើលគាត់ដោយអារម្មណ៍អន្ទះសារ គាត់បានលាក់បាំងខ្ញុំដោយគ្រាន់តែប្រាប់ថា គាត់ផ្តាសាយក្តៅខ្លួនតិចតួច។ ពេលទៅដល់ ខ្ញុំឃើញគាត់ក្តៅស្ទីងៗ ដកដង្ហើមផតចូលក្នុងខ្លាំង (ដង្ហក់) ហើយបែកញើសពេញខ្លួន។ ខ្ញុំយកដៃស្ទាបគាត់ គាត់ស្តីឱ្យខ្ញុំថាកុំប៉ះគាត់ បើគាត់កើតកូវីដ ខ្ញុំនឹងឆ្លង។ ម៉ោង ៣ រសៀលខ្ញុំសម្រេចចិត្តយកគាត់ទៅពេទ្យមួយដើម្បីពិនិត្យ ពេលទៅដល់ ពេទ្យថតសួតគាត់មុនគេ ដោយសង្ស័យពីរអាការៈគាត់ (គេដាក់គាត់នៅក្នុងបន្ទប់ដាច់ដោយឡែកសិន)។ ពេលថតរួចឃើញរលាកទាំងសងខាងពេទ្យក៏រុញឱ្យខ្ញុំទៅពេទ្យសូវៀតភ្លាម។ម៉ោង ៦ ល្ងាចខ្ញុំទៅដល់ពេទ្យសូវៀត សួរនាំរួចគេរុញម៉ាក់ចូលបន្ទប់សង្គ្រោះបន្ទាន់។ គិលានុបដ្ឋាយិកាម្នាក់មកវ៉ាស់អុកស៊ីសែនម៉ាក់ ហើយបើកភ្នែកធំៗ និយាយថាបើនៅចាំលទ្ធផលតេស្តទៀត គាត់នឹងផុតហើយ។ គាត់ក៏ទាញឧបករណ៍ដាក់ជំនួយដង្ហើមឱ្យម៉ាក់ភ្លាម។ នៅរង់ចាំរហូតដល់ម៉ោង ១ ភ្លឺ ទើបពេទ្យធ្វើ Rapid Test ឱ្យម៉ាក់ ឃើញគាត់វិជ្ជមានកូវីដ-១៩ បឋម។ ម៉ោង ៣ ទាបភ្លឺ គេបញ្ជូនគាត់ទៅមណ្ឌលចត្តាឡីស័កខាងក្រោយពេទ្យ ដើម្បីយកសំណាកម្តងទៀតទៅពិនិត្យនៅប៉ាស្ទ័រ។
ថ្ងៃទី ២៥ ខ្ញុំមើលថែទាំម្តាយដែលកំពុងរង់ចាំទៅទទួលការព្យាបាលនៅអាគារព្យាបាលអ្នកជំងឺកូវីដជាបណ្តោះអាសន្ន។ ម៉ាក់អង្គុយជាប់រហូត ព្រោះសួតគាត់រលាកសងខាងពិបាកដកដង្ហើមខ្លាំង។ គាត់ប្រឹងប្រែងដកដង្ហើម ដោយសារខ្ញុំនៅជិតគាត់ សុំអង្វរគាត់ឱ្យគាត់ខំបន្តទៀត។ ខ្ញុំច្បាំងជាមួយគាត់ក្នុងដំណាក់កាលនេះផង ការពារខ្លួនកុំឱ្យឆ្លងផង។ ខ្ញុំជូតសម្អាតខ្លួនគាត់ ចាក់ទឹកនោម លាមកគាត់មើលថែគាត់ មិនហ៊ានបិទភ្នែកគេងលើស ១៥ នាទីទេ។ ពេលចូលទៅម្តងៗ ខ្ញុំពាក់ម៉ាស បិទដង្ហើមខ្លួនឯង ពាក់ស្រោមដៃ បាញ់អាកុល ៥ នាទីម្តងលើខ្យល់ក្នុងបន្ទប់គាត់ និងបាញ់សព្វលើខ្លួនឯង បាញ់រហូតដល់មុខនិងដៃរលាកទាំងសងខាង។ ខ្ញុំមិនយកដៃប៉ះមុខ មិនបើកម៉ាសស្ទើរ២៤ ម៉ោង។ ទោះយំក៏យកក្រដាសអាកុលជូតភ្នែក ពេលហូបទឹក ឬបាយគឺដើរទៅឆ្ងាយដល់ច្រកទ្វាចូលអាគារហូបមិនឱ្យលើស ៣ នាទីទេ ព្រោះនៅទីនេះមិនមែនមានតែម៉ាក់ម្នាក់ទេដែលឈឺ។ ខ្ញុំអង្គុយលើបង់ក្រៅបន្ទប់គេងយាមម៉ាក់ ភ្នែកមិនហ៊ានបិទលើ ៥ នាទីឡើយ។ មានម្តងម៉ាក់គាត់ខ្លាចខ្ញុំមើលថែគាត់លំបាកហើយឆ្លង គាត់ប្រឹងងើបឡើងបត់ជើងធំខ្លួនឯងលើកន្ធោរទាំងជាប់ស៊ុងទឹកនោម។ ពេលខ្ញុំមកឃើញ អុកស៊ីសែនគាត់នៅត្រឹម ៥០ ជាង គាត់ស្ទើរដកដង្ហើមមិនដល់គ្នា។ ខ្ញុំប្រាប់គាត់ថា “ម៉ាក់ កូនមើលថែម៉ាក់បាន កូនមានកូនតូច កូនមើលកូនស្រីកូនឡើងទម្លាប់ហើយ។ ម៉ាក់ប៉ុណ្ណឹងកូនមើលបាន ទោះកូនឆ្លងយ៉ាងច្រើនសម្រាកព្យាបាល។ កូននៅពេទ្យស្រាប់ ហើយកូនសុខភាពល្អទេ។ កូនឆ្លងក៏កូនមិនឈឺធ្ងន់ដែរ។”
នៅដំណាក់កាលស្លាប់រស់នេះទៅហើយ កូនដឹងថាម៉ាក់នៅតែបារម្ភកូន។ ម៉ាក់ប្រឹងនិយាយលើកណាក៏ថា “កូនទៅគេងទៅ កូនគេងអត់ឆ្អែតប្រយ័ត្នចាស់ទៅកើតទឹកនោមផ្អែមដូចម៉ាក់។” “កូនចេញឱ្យឆ្ងាយពីម៉ាក់ទៅ កុំឈរមើលម៉ាក់នៅមាត់ទ្វា ប្រយ័ត្នឆ្លង” “កូនសួរពេទ្យមើល លទ្ធផលកូនចេញនៅ ពេលណាគេឱ្យកូនចេញពីទីនេះ” “កូនញាំបាយខ្លួនឯងទៅ ម៉ាក់ហូបបាយខ្លួនឯងបាន មិនបាច់ឈរមើលម៉ាក់ទេ កុំឱ្យឃ្លាន” “កូនទៅងូតទឹកទៅ កូនខានប្តូរខោអាវពីរថ្ងៃហើយណា” “កូនមានធ្វើទុកអីក្នុងខ្លួនអត់ មានអត់ស្រួលខ្លួនត្រង់ណាអត់”។
ដោយសារម៉ាក់មិនស្រួល ខ្ញុំក៏រកនឹកអ្នកដែលចម្លងគាត់ គិតរួចខ្ញុំក៏ឆាតទៅមនុស្សពីរនាក់ដែលខ្ញុំគិតថាជាអ្នកចម្លងគាត់។ ម្នាក់គឺបុគ្គលិកថ្មីខ្ញុំចូលបានមួយសប្តាហ៍។ ម្នាក់ទៀតជិតស្និតជាមួយម្តាយខ្ញុំ និងជិតស្និតជាមួយបុគ្គលិកថ្មីនោះ។ ខ្ញុំប្រាប់ឱ្យពួកគេទៅធ្វើតេស្តភ្លាមនៅថ្ងៃទី ២៥។
នៅថ្ងៃទី ២៦ លទ្ធផលចេញមកបង្ហាញថា បុគ្គលិកម្នាក់ថ្មីដែលខ្ញុំយកមកធ្វើការមានវិជ្ជមានកូវីដ-១៩។ ខ្ញុំក៏បានដឹងច្បាស់ថាគាត់ជាប្រភពចម្លងទៅម្តាយខ្ញុំ។ ទន្ទឹមនឹងនោះ ប៉ាខ្ញុំក៏ចេញលទ្ធផលតេស្តវិជ្ជមាននៅថ្ងៃដដែល។ ហើយក្រសួងសុខាភិបាលក៏បានចុះទៅយកសំណាកបុគ្គលិកនៅក្នុងហាងប្អូនប្រុសខ្ញុំ និងហាងខ្ញុំទាំងពីរ ហើយបិទទ្វាបណ្តោះអាសន្ន។
យប់ថ្ងៃទី ២៦ ម៉ាក់ខ្ញុំធ្វើទុក្ខខ្លាំង គាត់ហូបលែងបាន ដង្ហើមខ្លីជាងមុន។ ខ្ញុំនៅមើលអុកស៊ីសែនឱ្យគាត់និងប្តូរអុកស៊ីសែនគាត់ពីបំពង់មួយទៅបំពង់មួយពេញមួយយប់។ នៅពេលមួយដែលបំពង់អុកស៊ីសែនគាត់អស់ទាំងអស់ ខ្ញុំស្រែកប្រាប់គាត់ “ម៉ាក់ទ្រាំបន្តិចណា កូនទៅអូសបំពង់អុកស៊ីសែនពីបន្ទប់ជាប់នឹងដាក់ឱ្យម៉ាក់ហើយ។ កូនចេះប្តូរ កូនប្តូរក្បាលអុកស៊ីសែនដាក់ឱ្យម៉ាក់”។ ខ្ញុំធ្វើដូចនេះពេញមួយយប់រហូតដល់ភ្លឺ អង្គុយមាត់ទ្វារបន្ទប់ជិតគាត់ជាប់ មើលរង្វាស់អុកស៊ីសែនគាត់លើអេក្រង់ និងមើលទឹកមុខដែលហត់ខ្លាំង និងស្គមរីងរៃរបស់គាត់ ទាំងសោកសង្រែង។ តែអ្នកម្តាយ អ្នកម្តាយមិនដែលបង្រៀនកូនឱ្យបោះបង់ទេ ដូចនេះកូនមានតែតស៊ូរហូតដល់អភូត្តហេតុកើតមាន។ កូនជាមនុស្សដែលមិនចុះចាញ់ ចឹងកូនធ្វើម្តេចបាននឹងបោះបង់អ្នកម្តាយនោះ។ ទោះឃើញអ្នកម្តាយលំបាក ក៏កូនចង់ឱ្យអ្នកម្តាយស៊ូ រហូតយើងងបានឆ្លងផុតពីទីនេះដល់គេបញ្ជូនអ្នកម្តាយទៅអាគារព្យាបាលណា។
ព្រឹកឡើងម៉ោង ៦ ថ្ងៃទី ២៧ អ្នកម្តាយត្រូវបានគ្រូពេទ្យបញ្ជាក់ថាលទ្ធផលតេស្តវិជ្ជមាន ទើបម៉ោង ៩ ព្រឹកគេបញ្ជូនគាត់ចូលសម្រាកព្យាបាលនៅអាគារសម្រាកព្យាបាលអ្នកជំងឺកូវីដ។ ខ្ញុំអង្វករអ្នកយាមមណ្ឌល ឱ្យខ្ញុំបានរត់ទៅតាមឡានពេទ្យទាំងគេមិនឱ្យខ្ញុំចេញពីអាគារចត្តាឡីស័ក ដើម្បីដាក់បង្វេចអ្នកម្តាយទៅលើឡាន ព្រោះមិនមានអ្នកណាម្នាក់ហ៊ានមកលើកដាក់ឱ្យគាត់ទេ។ ខ្ញុំស្រែកផ្តាំទៅគាត់ជាចុងក្រោយថា “ម៉ាក់ត្រូវតែស៊ូ ម៉ាក់នឹងជា ណាម៉ាក់ណា”។ ឡានបិទទ្វា ហើយបើកចេញទៅ ខ្ញុំយំអង្វរទៅទេវតា និងមនុស្សគ្រប់គ្នា លើកដៃសំពះឱ្យជួយម្តាយខ្ញុំផង ហើយដើរត្រលប់ចូលមណ្ឌលចត្តាឡីស័កវិញ អង្គុយហាលថ្ងៃទាំងខ្លួនគ្មានបន្ទប់ស្នាក់ មានតែកន្ទេលនិងគ្រែពេទ្យក្បែរផ្លូវសម្រាក។
ថ្ងៃបន្ទាប់ គ្រូពេទ្យក៏បើកបន្ទប់មួយឱ្យខ្ញុំសម្រាក។ ខ្ញុំរង់ចាំថ្ងៃទី ១ ថ្ងៃទី២ ថ្ងៃទី៣ ម៉ាក់ខលមកខ្ញុំហៅ “គីមៗ កូននៅណា” ទាំងមាត់គាត់ជាប់អុកស៊ីសែន លឺតែខ្យល់ខ្សាវៗ។ ខ្ញុំនិយាយទៅកាន់គាត់ថា “ម៉ាក់ ខ្ញុំអត់អីទេ ម៉ាក់កុំបារម្ភ។ តេស្តខ្ញុំចេញអវិជ្ជមានហើយ។ ម៉ាក់ស្តាប់ពេទ្យណា កូនផ្តាំពេទ្យហើយឱ្យមើលម៉ាក់ ម៉ាក់ខំពេកខ្លាចហត់ ចាំពេលម៉ាក់ធូរ កូនខលទៅម៉ាក់ទៀត”។ ខ្ញុំទុកទូរស័ព្ទមិនបិទ ស្តាប់សម្លេងគាត់មួយម៉ោងពេញ។ គាត់ហត់ ដង្ហក់ ហើយក្អករហូត។
ល្ងាចថ្ងៃទី ៣០ ខ្ញុំត្រូវបានពេទ្យអនុញ្ញាត្តឱ្យចេញពីមណ្ឌលចត្តាឡីស័ក ក្រោយតេស្តលើកទីបី ហើយឱ្យបន្តនៅឃុំខ្លួន ១៤ ថ្ងៃទៀត។
ព្រឹកឡើងថ្ងៃ ៣១ ខ្ញុំឃើញព័ត៌មានស្ត្រីអាយុ ៥៦ ឆ្នាំស្លាប់នៅមន្ទីរពេទ្យសូវៀត ខ្ញុំខលទៅគ្រូពេទ្យភ្លាម។ គាត់ប្រាប់ថាម៉ាក់ខ្ញុំមិនអីទេ គាត់នៅគ្រែផ្សេង មិនមែនម៉ាក់ខ្ញុំទេ។ គ្រូពេទ្យក៏សួរខ្ញុំថា ពេលណាខ្ញុំបានចេញពីមណ្ឌល ខ្ញុំថាខ្ញុំចេញហើយ តាំងពីម្សិលមិញ។ រហូតដល់ម៉ោង ៣:១៣ នាទី គ្រូពេទ្យខលមកខ្ញុំម្តង ប្រាប់ពីដំណឹងម្តាយខ្ញុំចែកឋាន នៅវេលាម៉ោង ១៤:៤៣ នាទី ក្រោយសង្គ្រោះអស់ពីលទ្ធភាព។
កូនដឹងថាម៉ាក់ប្រឹងអស់លទ្ធភាពហើយ ម៉ាក់មិនដែលខ្លាចក្តីស្លាប់ទេ ម៉ាក់ស៊ូក៏ព្រោះតែក្តីអង្វកររបស់កូន។ គ្រាន់តែបានលឺកូនបានចេញពីមណ្ឌលភ្លាម ម៉ាក់ក៏សម្រេចចិត្តចាកចេញ។ កូនដឹងថា ម៉ាក់នៅបារម្ភពីកូន ទើបម៉ាក់ទ្រាំចង់លឺដំណឹងកូន។ កូនមានសុខភាពល្អទេ។ ម៉ាក់ធូរចិត្តហើយ។ ម៉ាក់រស់នៅបានយ៉ាងពេញលេញហើយ ម៉ាក់មានប្តីដែលស្រលាញ់ម៉ាក់ ម៉ាក់បានបីបាច់កូនទាំង ៤ ឱ្យក្លាយជាបញ្ញវ័ន្ត និងអ្នកជំនួញដែលប្រកបដោយធម៌ និងក្តីមេត្តាក្នុងខ្លួន ម៉ាក់ទទួលបានកូនប្រសារ ៤ និងចៅ ៨ ដែលសុទ្ធតែជាមនុស្សល្អ និងជាអ្នកសាងល្អ។ កូនអរគុណនូវគុណនូបការៈរបស់ម៉ាក់ណាស់។ ម៉ាក់សម្រាកចុះ។ កូននឹងយកម៉ាក់ទៅវត្ត ឱ្យម៉ាក់បានសុំសីល ដោយក្តីស្ងប់សុខណាម៉ាក់ណា។
នៅថ្ងៃដដែលម៉ោង ១៤:៤៣ នាទី ប្អូនថ្លៃខ្ញុំពិនិត្យពោះឃើញកូនភ្លោះ។ គ្រួសារខ្ញុំទទួលបានក្តីសង្ឃឹមឡើងវិញ។ ម៉ាក់សាងអភូត្តហេតុហើយ។ ម៉ាក់ចូលទៅនៅក្នុងពោះកូនស្រីប្រសារម៉ាក់។ ម៉ាក់មិនទៅណាចោលពួកកូនទេ។ អរគុណម៉ាក់ដែលស្រលាញ់កូនៗយ៉ាងនេះ។
ដោយក្តីគោរព និងស្រលាញ់