ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិធម៍ លោក គឹម សន្ដិភាព បានអោយដឹងថា ការមិនគោរព និងការរារាំងវិធានការរដ្ឋបាល នឹងប្រឈមការទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ ព្រមទាំងទណ្ឌកម្ម រដ្ឋបាលបន្ថែមទៀត រួមមានការព្យួរឬដកហូតអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬការបិទអាជីវកម្ម ដែកមានកំណត់ក្នុងច្បាប់ស្តី ពីវិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត! ។
កាតលើកឡើងបែបនេះ ធ្វើឡើង មួយថ្ងៃក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយសាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមអនុវត្តអនុក្រឹត្យនេះមុនគេ។
សេចក្តីសម្រេចរបស់សាលាក្រុងបញ្ជាក់ថា ត្រូវបានដាក់ចេញវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែមេសានេះ រហូតដល់ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១។
តាមរយៈបណ្ដាទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នេះ លោក គឹម សន្ដិភាពបានអោយដឹងថា៖
មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល ដោយមិនគិតដល់បទល្មើស ព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនា មិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី១.០០០.០០០(មួយលាន)រៀល ទៅ ៥.០០០.០០០(ប្រាំលាន)រៀល ឬ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះ បណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ និង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន) រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាពសាធារណៈ។
មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ អំពើរារាំងឬបង្កឧបសគ្គ ដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕