លោក គឹម សន្តិភាព បញ្ជាក់ថា នៅពេលនេះ មិនទាន់មានការហាមឃាត់ ការធ្វើដំណើរ ឬវិធានការរដ្ឋបាលផ្សេងទៀត នៅឡើយទេ

0

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ បានចេញមុនបញ្ជាក់ជាថ្មីថា ការហាមឃាត់ការធ្វើដំណើរ ឬវិធានការរដ្ឋបាលផ្សេងទៀត គឺមិនទាន់មានទេនៅពេលនេះ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក គឹម សន្តិភាព បានបញ្ជាក់ថា «រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ! »។

លោកបន្តថា សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ រាល់វិធានការរដ្ឋបាល ដែលមានចែង ក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ! វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!។

លោកបញ្ជាក់បន្ថែមថា ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀត ដែលមានវិសាលភាពអនុវត្ត លើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!៕