ភ្នំពេញ ៖ សមាជិកក្រុមប្រឹក្សា សង្កាត់ប៉ោយប៉ែត ម្នាក់ និងបក្ខពួកចំនួនពីរនាក់ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្ដារហ្គោល (ចំណុចទ្រុងជ្រូកចាស់ របស់ក្រុមហ៊ុនអានកូ) ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធការដឹកមនុស្ស (ដែលជាជនបរទេស) ឆ្លងដែនខុសច្បាប់។
កងទ័ពកងពលតូចថ្មើរជើង លេខ៥១ និងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួននេះ ទី១៖ឈ្មោះ យឹម នៅ អាយុ៤៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត (ដែលទើបចូលជំនួសថ្មី) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដឹកមនុស្ស ។ ទី២៖ឈ្មោះ ចាន់ ណារ៉ុង អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ ម្ចាស់ផ្ទះលាក់ខ្លួន និងទី៣៖ឈ្មោះ ដែង ជុំ អាយុ៤៦ឆ្នាំ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនឈ្មោះ យឹម នៅ បានធ្វើសកម្មភាពបើកបររថយន្តម៉ាក Camry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន០៥នាក់ សង្ស័យជាជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង០៥នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកវាលីដាក់ខោអាវ។
លោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ៖ កិច្ចសហការគ្នា ជាមួយអង្គភាពផ្សេងទៀត ធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ នាំមនុស្ស(ជនជាតិថៃ?) ឆ្លងដែនខុសច្បាប់ពិតមែន។
មនុស្ស(ដែលជាជាជនជាតិថៃ) មិនបានឃាត់ខ្លួនជាប់ទេ គឺបានតែជនសង្ស័យ ហើយត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕