ហានិភ័យណាស់! អ្នកជំងឺកូវីដ១៩ម្នាក់ ធ្វើដំណើរទៅច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ

0

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថាអ្នកជំងឺកូវីដ-១៩ម្នាក់ ជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ រស់នៅម្តុំអិលវី សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើដំណើរទៅកន្លែងសាធារណៈជាច្រើន មុនពេលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដូច្នេះសូមប្រជាពលរដ្ឋមានការពាក់ព័ន្ធទីតាំង ក៏ដូចជាជាមួយបុរសរូបនេះ ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ពីប្រវត្តិទំនាក់ទំនង និងការធ្វើដំណើរតាមទីតាំងពាក់ព័ន្ធដូចខាងក្រោម៖

* ថ្ងៃទី១០-១៧ ខែមីនា ឆ្នាំ២០២១៖ ជាទម្លាប់គាត់ទៅហាងដឺស៉ីកាហ្វេ និងលាងរថយន្តនៅផ្លូវមិត្តភាពអូរ៥ (តែនៅក្នុងការិយាល័យប៉ុណ្ណោះ) ហើយពេលយប់ម៉ោង ៩៖០០នាទី ទើបត្រឡប់មកកន្លែងស្នាក់នៅវិញ។

* ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១៖ នៅពេលព្រឹក គាត់មានអាការៈមិនស្រួលខ្លួនក៏ទៅទិញថ្នាំនៅឱសថស្ថានអប្សរា (អូរ២) និងឱសថស្ថានប្រជាជន ជិតផ្សារលើ (តែបានពាក់ម៉ាស និងបាញ់អាល់កុល) នៅពេលល្ងាចទៅហូបស៊ុបជាមួយមិត្តភក្តិម្នាក់ទៀតនៅហាងដីស៉ីកាហ្វេ។

* ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១៖ គាត់ទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត (បន្ទប់ការិយាល័យបុគ្គលិក) និងបានទៅទទួលយកឥវ៉ាន់នៅក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ (ឃ្លាំងលើ)។

* ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១៖ គាត់ទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត (បន្ទប់ការិយាល័យដឹកជញ្ជូន)

* ថ្ងៃទី១៩-២២ ខែមីនា ឆ្នាំ២០១១៖ គាត់ទៅសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលរស្មីបាយ័ន ដោយមានប្រពន្ធទៅកំដរ និងមានមិត្តភក្តិ ២នាក់ទៅសួរសុខទុក្ខ (ល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១)។

* ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៖ គាត់បានទៅយកសំណាកដើម្បីធ្វើតេស្ត និងសម្រាកនៅបន្ទប់ជួល។

* ថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១៖ សម្រាកនៅបន្ទប់ជួលម្តុំអិលវី សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បច្ចុប្បន្នមន្ទីរសម្រាកព្យាបាលរស្មីបាយ័ន ត្រូវបានរដ្ឋបាលខេត្តរៀបចំដាក់ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ ក៏បានយកសំណាកពីអ្នកពាក់ព័ន្ធក្នុងទីតាំងមន្ទីរសម្រាកព្យាបាលនេះទៅពិនិត្យរកវីរុសកូវីដ-១៩ ផងដែរ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងលើ តាមពេលវេលាដែលបានបញ្ជាក់ជូននេះ ពិនិត្យសុខភាព (អាការៈប្រែប្រួល) ពិនិត្យកម្ដៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច។ ក្នុងករណីមានការសង្ស័យ ត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧ អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនង ទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 794 886 ឬ 016 526 520 ៕