នោះ! អ្នកចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ១៩ ត្រូវពិន័យជាប្រាក់ពី៥ទៅ២០លានរៀល ដោយមិនទាន់គិតពីទោសទណ្ឌផ្សេងទៀត

0

ភ្នំពេញ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើការពន្យល់ថាក្នុងករណីដែលមានការសង្ស័យថា សាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩ ខណៈអ្នកចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ១៩ ត្រូវពិន័យជាប្រាក់ពី៥ទៅ២០លានរៀល ដោយមិនទាន់គិតពីទោសទណ្ឌផ្សេងទៀត។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក គឹម សន្តិភាពនៅថ្ងៃទី២៨មីនានេះបានពន្យល់បន្ថែមថា
ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគសាកសពត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាលដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។ក្នុងករណីដែលលទ្ធផលនៃការវិភាគវត្ថុសំណាក បញ្ជាក់ថាសាកសពគ្មានផ្ទុកមេរោគកូវីដ-១៩នោះទេ ក្រសួងសុខាភិបាលត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត”។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ឲ្យដឹងបន្ថែមថាការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ មានសមត្ថកិច្ច ដោយមិនអនុញ្ញាតឱ្យគ្រួសារសព ជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ៕