ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាហើយបានចូល ទៅបង្កអំពើហិង្សាក្នុងមណ្ឌលចត្តាឡីស័កដោយបានវាយទៅលើកងកម្លាំងយាមប្រចាំការនៅទៅនោះ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី បង្កដោយជនសង្ស័យ១នាក់ នៅត្រង់ចំណុចក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ។
នគរបាលស្រុកថ្មគោល បានរាយការណ៍ អោយដឹងថា ជនសង្ស័យ ឈ្មោះ ផែ គឹមសែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានផឹកស្រាស្រវឹងចូលទៅក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ដោយគ្មានការអនុញ្ញាត ពេលកម្លាំងប្រចាំការហាមឃាត់ ជនសង្ស័យក៏បានវាយទៅលើកងកម្លាំងយោធាឈ្មោះ អ៊ុម សំខាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ចំនួន០១ដៃ បណ្តាលអោយរងរបួស ត្រង់ថ្ពាល់ខាងឆ្វេង។
នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់ ៕

