ភ្នំពេញ៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារឌីជេ BOOMដែលបានស្លាប់ដោយសារ កូវីដ១៩ នៅព្រឹកថ្ងៃទី២៥ មីនានេះនិងអំពាវនាវ ដល់បងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ពីព្រោះមេរោគនេះ គឺវាយប្រហារមិនស្គាល់ ចាស់ឬក្មេងនោះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺម្នាក់ទៀតគឺឌីជេ BOOM អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានសរសេរលើគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៥ មីនា នេះ ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឌីជេ BOOM ដែលឌីជេ BOOM បានស្លាប់ដោយសារ COVID-19 សូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះមេរោគ COVID-19 ពីព្រោះមេរោគនេះគឺវាវាយប្រហារមិនស្គាល់ចាស់ឬក្មេងនោះទេ។សូមវិញ្ញាណក្ខន្ធ ឌីជេ BOOM ចូលទៅកាន់សុគតិភពផងចុះ»។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៨០៩នាក់, ស្លាប់ចំនួន៧នាក់៕





