បន្ទាន់! ស្ត្រីជនជាតិខ្មែរ អាយុជាង ៦០ឆ្នាំ ម្នាក់ទៀតហើយ ស្លាប់ដោយសារជំងឺកូវីដ១៩

0

ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យតក់ស្លុត មួយបានកើតឡើងទៀតហើយ ខណៈថ្ងៃនេះមានស្ត្រីជនជាតិខ្មែរ អាយុជាង ៦០ឆ្នាំ ម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ មីនានេះបានឲ្យដឹងថា យោងតាម របាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥:៤០នាទីព្រឹក។

ក្រសួងបន្តថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើនេះ ដោយមានអាការៈហត់ បានចូលសម្រាកពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថា មានវិជ្ជមានវីរុសកូវីដ១៩ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ។ ការពិនិត្យសុខភាព និងការថតសួត បានបង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង (ដោយមានអាការហត់ ២-៣ ថ្ងៃ មុនចូលមកមន្ទីរពេទ្យនេះ ព្រមទាំងមានជំងឺធាត់កម្រិត១ផងដែរ) ហើយក្រុមគ្រូពេទ្យក្រៅពី ផ្តល់ការព្យាបាលតាមបច្ចេកទេស ក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើមបន្ថែម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ព្រមទាំងបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើម តែសួតគាត់កាន់តែខ្សោយទៅៗ ជាអកុសល មិនអាចជួយសង្គ្រោះបាន ហើយគាត់ក៏បានធ្វើមរណៈកាលនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ទៅ។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឱ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយស្ងួតខ្លាំងពេក ។

សូមរំលឹកថា គិតរហូតមកដល់នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជមងឺកូវីដ១៩ ចំនួន ៥នាក់ហើយ ក្នុងនោះរួមាន៖

១.បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ ឡៅ សុវណ្ណា បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
២.ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
៣.បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
៤.បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ។
៥. ស្រ្តីជនជាតិខ្មែរ អាយុ៦២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕