ភ្នំពេញ៖ សមត្ថកិច្ចកំពុងស្វែងរកបុរសម្នាក់ ដើម្បីយកមកសួរនាំបន្ទាប់ពី បានដើរបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ក្នុងក្រុងកំពតនិងបង្កការភ័យខ្លាច ដល់អ្នកដំណើរ ខណៈប្រជាពលរដ្ឋសង្ស័យថា បុរសនេះអាចជាជនជាតិចិននេះ ប្រហែលជាបែកថ្នាំទៀតផង។
ឆ្លើយតបនឹងករណីខាងលើ មន្ត្រីនគរបាលការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋានខេត្តកំពត បានបញ្ជាក់ថា តាមរយៈរូបថតដែលប្រជាពលរដ្ឋផ្ញើមក បុរសម្នាក់នោះពិតជា ជនជាតិចិនប្រាកដមែន។ កន្លងមកសមត្ថកិច្ចបានហៅសួរនាំ និងអប់រំម្តងដែរដោយ ជននោះមានសតិមិនប្រក្រតី។
ក្រោយមកមិនដឹងបាត់ទៅណា ស្រាប់តែពេលនេះប្រជាពលរដ្ឋ បានរាយការណ៍ថា ឃើញមកធ្វើសកម្មភាពដូចមុនទៀត។ នគរបាលទទួលបន្ទុកអន្តោប្រវេសន៍ ដដែលបានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងតាមស្វែងរក ដើម្បីបញ្ជូនទៅកាន់នាយកដ្ឋានចាត់ការបន្ត។ ដូច្នេះលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ប្រសិន បើប្រទះឃើញជននេះនៅកន្លែងណា សូមប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដែលនៅក្បែរឱ្យបានលឿនបំផុត ៕