ភ្នំពេញ៖ ក្រុមការងារបុរាណវិទ្យា នៃក្រសួងបរិស្ថាន បានរកឃើញ និងកំពុងសិក្សាផូស៊ីលឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
យោងតាមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១១ មីនានេះ បានឲ្យដឹងថា លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង ៧០ស.ម និងទទឹង២០ស.ម។
លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹង សត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។
តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះ មានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ទំនង និងសត្វដែលរស់នៅក្មុងពេល ដែលដាយណូស័រនៅមានជីវិត។
ក្រុមការងារស្រាវជ្រាវ របស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀត ដោយសហការជាមួយ អ្នកជំនាញផ្នែកសត្វបុរាណ ជួយក្នុងការកំណត់ប្រភេទសត្វ ៕





