ហានិភ័យណាស់! ស្ត្រីជនជាតិចិនម្នាក់ ល្មើសបំរាមគេចចេញពីព្រះសីហនុ ទៅភ្នំពេញ តាមឡានតាក់ស៊ី និងបានសាងបន្តឲ្យ ជិះឡានដឹកទំនិញ

0

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៥១នាទីយប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ មានករណីស្ត្រីជនជាតិចិនម្នាក់ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្តឱ្យជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យ គោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួចបានធ្វើការឃាត់សួរនាំ និងបានបញ្ជូនស្ត្រីជនជាតិត្រឡប់ មកគោលដៅដើមដើម្បីធ្វើចត្តាឡីស័កវិញ ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។

យោងតាមហ្វេសប៊ុករដ្ឋមន្ត្រីខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៩ មីនានេះ បានឲ្យដឹងថា ជាវិធានការ គឺត្រូវអនុវត្តតាមអនុក្រឹត្យលេខ២៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៖

-ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ករួចរាល់ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំ នីតិវិធីបណ្តេញចេញពីប្រទេសកម្ពុជា លែងឱ្យត្រឡប់ មកវិញជារៀងរហូត។

-ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនា ដល់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កឱ្យគេចចេញ ពីការត្រួតពិនិត្យរបស់មន្ត្រីចំត្តាឡីស័ក ឬគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក យោងតាមមាត្រា១១ នៃអនុក្រឹត្យខាងលើ។

ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការ តាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការ ណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕