សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម ៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ ៕