មេបក្សយុវជនកម្ពុជា ដាស់តឿនស្មារតីដល់យុវជន យុវតីទាំងឡាយ មុនធ្វើអ្វីមួយត្រូវគិតឳពុកម្ដាយ កុំឲ្យពួកគាត់មានវិប្បដិសារីដូចរឿងនេះ…

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងដាស់តឿនទៅកាន់យុវជន យុវតីទាំងឡាយ ឲ្យគិតពីឳពុកម្ដាយ មុនធ្វើអ្វីមួយ កុំឲ្យពួកគាត់មានវិប្បដិសារី ជាក់ស្ដែងដូចករណី ឱពុកម្ដាយដែលមានកូន ជាឧក្រិដ្ឋជន ចូលប្លន់ជំរិតទារលុយ ១លានដុល្លារ នៅខណ្ឌសែនសុខកាលពីម្សិលមិញ ។

លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ មីនានេះថា «កូនប្រុសមាសឳពុក បើមិននាំសុខជូនឳទេ សូមកុំនាំទុក្ខឲ្យឳអី??សូមយុវជនទាំងឡាយអើយមុននឹងធ្វើអ្វីមួយ សូមគិតឲ្យច្បាស់លាស់សិនទៅ ព្រោះជីវិតពួកអ្នកមិនមែន កើតចេញពីរន្ធស្រឡៅនោះទេ ពួកអ្នកគួរស្រណោះឈាមម្តាយ ញើសឳដែលខំចិញ្ចឹមថ្នាក់ថ្នមតាំងពីពួកអ្នកនៅបាតជើងក្រហមរងាលមកម្លេស ពួកគាត់ចិញ្ចឹមអ្នករាល់គ្នាអស់លុយច្រើនណាស់ ហេតុអ្វីពួកអ្នកសងគុណពួកគាត់បែបនេះទៅវិញ? តើពួកគាត់ខូចចិត្តជាមួយពួកអ្នកយ៉ាងណាទៅណ៎ ? ខូចចិត្តផង ស្រណោះស្តាយផង អនុស្សាវរីយ៍ពួកគាត់ នឹងអ្នក គឺរាប់មិនអស់ទេទឹកភ្នែកពួកគាត់ហូរម្តេចទៅ? តើបេះដូងពួកគាត់គ្រាំគ្រាយ៉ាងដូចម្តេចទៅ ? ពួកគាត់ខ្មាស់គេផង ស្តាយពួកអ្នកផង ក្នុងពេលតែមួយ តើពួកគាត់ធ្វើចិត្តយ៉ាងណាទៅណ៎? ? ខ្ញុំយល់ច្បាស់ណាស់មហាជនថា កូនគាត់ជាជនល្មើសប៉ុន្តែពួកគាត់នៅតែ ទទួលស្គាល់ពួកអ្នកជាកូនគាត់ដដែល តើពួកគាត់អស់សង្ឃឹមយ៉ាងណាទៅណ៎?? ពីព្រោះក្តីសង្ឃឹមពួកគាត់ លើពួកអ្នកគឺសង្ឃឹមថា ពួកអ្នកនឹងមានអនាគតល្អ មានការងារល្អ អាចពឹងពាក់ ពួកអ្នកវិញនៅពេលពួកគាត់ចាស់ជរាទៅ ប៉ុន្តែក្តីសង្ឃឹមពួកគាត់ គឺត្រូវពួកអ្នកបំផ្លាញខ្ទិចខ្ទីអស់រលីងហើយ ដោយបន្សល់កេរ្តិ៍ឈ្មោះអាសោច ឲ្យពួកគាត់ទទួលរងទៀត ពួកគាត់ខ្មាស់អ្នកភូមិយ៉ាងណាទៅណ៎???? ឱលោកិយ៍អើយក្នុងន័យនេះ ខ្ញុំសូមដាស់តឿនដល់ស្មារតីកូន ប្រុស ស្រី ទាំងឡាយ មេត្តាមុនធ្វើអ្វីមួយនៅក្នុងសង្គមជាតិ សូមគិតដល់អ្នកបង្កើតប្អូនៗផងណា ព្រោះពួកអ្នកជាដួងព្រលឹងរបស់ពួកគាត់ បើមិនបានសងគុណពួកគាត់ទេ គឺសូមកុំសងទោសដល់ពួកគាត់អី ពួកគាត់អត់បានដឹងអីទេ ដោយសារពួកគាត់រវល់រកស៉ីចិញ្ចឹមពួកអ្នកនិងចិញ្ចឹម បងៗ ប្អូនៗ របស់ពួកអ្នក។ វិប្បដិសារី?» ។