ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ CHEN XIANGHAN អាយុ ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED9010564 ដែលនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានទៅហូបស៊ុប និងដើរទិញទំនិញនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ស្ថិតនៅផ្លូវ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផលតេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញបងប្អូនដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលនៅផ្សារទំនើបដារុនហ្វា (ដំរី៥ជិតរង្វង់មូលតោពីរ) ចាប់ពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងលើ សូមទៅធ្វើតេស្តនៅទីតាំងសាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ ឱ្យបានឆាប់បំផុត។
ចំពោះបុគ្គលដែលមិនមាន រោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ តទៅដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ៕