ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចប្រគល់ភារកិច្ច ជូនក្រសួងសុខាភិបាល រៀបចំកម្មវធីដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករប្រមូលសម្រាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូកង់បី អ្នករត់ម៉ូតូឌុបនៅពេលខាងមុខនេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៨ កុម្ភៈ បានឲ្យដឹងដែរថា «យោងតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូហ្វាម Sinopharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាត ឱ្យបន្តចាក់ជូនដល់បងប្អូនដែល ជាកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែល ជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលីសជាតិ និងអាជ្ញាធរជួរមុខ»។
ជាមួយគ្នានោះក្រសួងសុខាភិបាល បន្ថែមថា អ្នកដែលមានអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ៖
១-មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ
២-មន្ទីរពេទ្យបង្អែកព្រែកព្នៅ
៣-មន្ទីរពេទ្យបង្អែកច្បារអំពៅ
៤-មន្ទីរពេទ្យបង្អែកដង្កោ
៥-មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
៦-មន្ទីរពេទ្យបង្អែកចតុមុខ
៧-មន្ទីរពេទ្យបង្អែកសម្ដេចឪ សម្ដេចម៉ែ
៨-មន្ទីរពេទ្យបង្អែកពោធិចិនតុង៕