បុរសខ្លាំងនៃកម្ពុជា ប្រកាសចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃ៤ មីនា

0

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា (AstraZeneca) ផលិតនៅឥណ្ឌា ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នៅមន្ទីរពេទ្យកាល់ម៉ែត្រ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដូចដែលក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង ១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។

សម្ដេចបន្តថា លោក ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ទទួលយកវ៉ាក់សាំងនេះពី តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សម្ដេចគូសបញ្ជាក់ថា នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិ ដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគី ជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន ១៦លាននាក់ ដែលស្មើនឹង ៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។

សម្ដេចសង្កត់ធ្ងន់ថា «កម្ពុជាសូមអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោក ដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។ ខ្ញុំសូមជំរាបបន្ថែមថា ប្រសិនបើពុំមានការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទ សារព័ត៌មានផងដែរ» ៕