ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចុះបិទសណ្ឋាគារ ៥កន្លែង នៅខេត្តព្រះសីហនុ ក្រោយរកឃើញស្ត្រីជនជាតិចិន ២នាក់ ឆ្លងជំងឺកូវីដ១៩ ដែលជាអ្នកស្នាក់នៅក្រុងព្រះសីហនុ ហើយធ្លាប់បានទៅក្លឹប N8 នៅភ្នំពេញ ។
យោងតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងបន្តថា រដ្ឋបាលខេត្តព្រះសីហនុ បានបិទទីតាំងចំនួន ៥ជាបណ្តោះអាសន្ន៖
- Jin Bei Casino & Hotel
– Jin Bei Palace Hotel
– Jin Bei Artisan Hotel
- អគារស្នាក់នៅរួមរបស់ជិញប៉ី
- Crowne Plaza Hotel (សណ្ឋាគារហ័ងហ្គ័នជាយី)។
សូមរំលឹកថា ជនជាតិចិនទាំង ២នាក់នោះរួមមាន៖ ស្ត្រីជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរកត់សម្គាល់ថា ដោយមានគោលបំណងធ្វើដំណើរ ទៅប្រទេសចិនវិញដូច្នេះស្ត្រីទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើ តេស្តវត្ថុសំណាករបស់ស្ត្រីទាំង ២រូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕