ភ្នំពេញ ៖ បុរសម្នាក់ ពាក់ឯកសណ្ឋាន ជាមន្ត្រីនគរបាលយ៉ាងស្អាត ហើយជិះម៉ូតូមកឈរនិយាយ រវើរវាយតែម្នាក់ឯង នៅផ្លូវព្រះនរោត្ដម កែងនឹងផ្លូវ១៣៦ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដូនពេញ ចុះអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួននាំមកសាកសួរ។
ករណីនេះ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនឹងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលយ៉ាងឡូយ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1DD-0954 មកឈប់មកឈប់នៅចំណុចខាងលើ រួចលុតជង្គុងសំពះការដ្ឋានសំណង់ ដែលកំពុងសាងសង់ រួចឈរត្រង់ខ្លួនភ្លឹង ដូចជាគោរពទង់ជាតិ ហើយនិយាយរវើរវាយតែម្នាក់ឯង ប្រៀបដូចជាមនុស្សមានបញ្ហាសតិ បង្កការភ្ញាក់ដល់អ្នកនៅទីនោះ និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
ប្រភពបន្តថា ភ្លាមៗនោះ មានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ចុះអន្តរាគមន៍ និងមើលឈ្មោះនិងអត្តលេខ រួចបោះដៃតាមវិទ្យុទាក់ទង សួរតាមបណ្ដាខណ្ឌ ភ្លាមៗនោះក៏មានខណ្ឌច្បារអំពៅ ប្រាប់ថាជាមន្ត្រីប៉ូលិសខណ្ឌច្បារអំពៅ ។ បន្ទាប់មក សមត្ថកិច្ចខណ្ឌច្បារអំពៅ បានយករថយន្តមកដឹកបុរសខាងលើ តែនៅក្រាញននៀលមិនព្រមឡើងរថយន្ត ទើបកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះរុញបញ្ចូលក្នុងរថយន្ត ដឹកចេញពីកន្លែងកើតហេតុភ្លាមៗ ដើម្បីចាត់ការបន្តតាមវិន័យកងកម្លាំង។
សមត្ថកិច្ច ខណ្ឌច្បារអំពៅបញ្ជាក់ថា បុរសឈរនិយាយរវើរវាយនេះ ពិតជាមន្ត្រីប៉ូលិសខណ្ឌច្បារអំពៅ មែន ដែលមានឈ្មោះ អុន សំអន ជាមន្ត្រីប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បច្ចុប្បន្នជាប់ពិន័យនៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធនឹងករណីធ្លាប់ប្រើប្រាស់នូវសារធាតុញៀន និងធ្លាប់អប់រំជាច្រើនលើកច្រើនសាររួចមកហើយ៕