ភ្នំពេញ៖ យុវជន ៣នាក់ កំពុងអង្គុយផឹកស៊ីជាមួយគ្នាសុខៗ ស្រាប់តែមានយុវជនមួយក្រុមមានគ្នា ៦នាក់ ប្រដាប់ដោយកាំបិត ៦ដើម មកកាប់ និងអាករបន្ថែម បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និង ២នាក់ទៀតរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ១០យប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យុវជនដែលត្រូវក្រុមជនបង្កកាប់ និងចាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ តុលា អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនៅខេត្តព្រៃវែង ត្រូវរបួសជាច្រើនកាំបិត ចំស្មាខាងស្តាំ និងចាក់មួយដាវធ្លុះដើមទ្រូង ដេកដួលក្នុងថ្លុកឈាមស្លាប់បាត់នៅតាមផ្លូវ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកជនរងគ្រោះទី២ឈ្មោះ ចឹក ចាន់ឌីន អាយុ២៩ធ្វើការនៅគីឡូលេខ៦ ផ្នែកគិតលុយរបួសដៃ និងជើងជាច្រើនកាំបិត សុះសាច់របួសធ្ងន់ និងជនរងគ្រោះទី៣ឈ្មោះ ហេង អាយុ២៥ឆ្នាំ របួសរយះដៃឆ្វេង ចេញដល់ឆ្អឹង និងត្រូវកន្លែងផ្សេងជាច្រើនកាំបិតទៀត ដេកដួលក្នុងថ្លុកឈាមរបួសធ្ងន់ ទាំងពីរនាក់ត្រូវសាច់ញាតិដឹកតាមម៉ូតូកង់បី បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ពេលក្រុមជនរងគ្រោះកំពុងផឹកស៊ី និងជជែកគ្នាលេងសប្បាយ នៅមុខផ្ទះជាមួយមិត្តភ័ក្ដិផ្សេងទៀត ក៏មានក្រុមក្មេងទំនើង២ក្រុមជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ និងគ្រឿងទៀតម៉ាកសុងប៊ិចពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1BW-5444 ជិះគ្នា៣នាក់ និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ មិនមានស្លាកលេខជិះគ្នា៣នាក់ដូចគ្នា ទាំងអស់មានគ្នា៦នាក់ ហើយមានលាក់ដាវ និងកាំបិតជាប់និងខ្លួនទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងមុខផ្ទះ ជនរងគ្រោះទិសដៅពីជើងទៅត្បូង ឆ្លងកាត់មុខផ្ទះកើតហេតុ ស្រាប់តែក្រុមយុវជនរងគ្រោះបានស្រែកថាឲ្យក្រុមជនបង្កថា “ពួកហ្អែងជិះលឿនម៉េសហ្អាប្រញាប់ទៅណា” ។
ក្រោយលឺដូច្នេះក្រុមជនបង្កជិះទៅជិតរបងវត្តខ្ទរក៏ឈប់ម៉ូតូ ដោយខឹងនិងពាក្យស្រែកថាឲ្យក្រុមជនបង្ក បាននិយាយគ្នាយ៉ាងឮៗថា ត្រឡ់ប់ម៉ូតូទៅវិញកាប់ពួក “អាចុយម្រាយហ្នឹងម្តង” និយាយហើយក៏បត់ក្បាលម៉ូតូត្រឡប់មកវិញ ហើយក្រុមជនបង្កមានគ្នា៤នាក់ ប្រដាប់ដោយដាវនិងកាំបិតគ្រប់ដៃ បានសម្រុកចូលក្នុងផ្ទះកាំចិញ្ច្រាំ ហើយជនរងគ្រោះទាំង៣នាក់នោះ រត់មិនរួចក៏ត្រូវក្រុមជនដៃដល់កាប់ចិញ្ច្រាំដូចសាច់ជ្រូក របួសរយះដៃជើងសុះខ្លួន ដេកដួលក្នុងថ្លុកឈាម ។
ចំណែកយុវជនដែលស្លាប់ឈ្មោះ តុលា ត្រូវក្រុមជនបង្កកាប់ជាច្រើនកាំបិត ហើយថែមទាំងចាក់មួយដាវចំកណ្ដាលដើមទ្រូង ដេកប្រកាច់ក្នុងថ្លុកឈាម និងស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយយកើតហេតុសមត្ថកិច្ចបានចុះស្រាវជ្រាវ និងចាប់បានជនសង្ស័យចំនួន ៣នាក់ ក្នុងចំនោមបក្ខពួកចំនួន ៧នាក់ដែលធ្វើសកម្មភាពកាប់ចាក់គ្នា។
ជនសង្ស័យទាំង ៣នាក់រួមមាន៖ ១.ឈ្មោះ រុន សុភ័ក្រ (ដៃដល់)ភេទប្រុស អាយុ 18 ឆ្នាំមុខរបរជាសំណង់ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ២.ឈ្មោះ ពេជ្រ បុី (ដៃដល់)ភេទប្រុស អាយុ 17 ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិតាយេក ឃុំតាយេក ស្រុកដំដែក ខេត្តសៀមរាប។ ៣.ឈ្មោះ វាន់ ឌឿន (សង្ស័យពាក់ព័ន្ធ)ភេទប្រុស អាយុ 30 ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែ៑លស្រុកតំបែ៑ល ខេត្តត្បូងឃ្មុំ។
វត្ថុតាងចាប់យក៖ ម៉ូតូហុងដាសេ125 ពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ, ម៉ូតូហុងដា សង់ប៊ិច ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW.5444, ដាវ ចំនួន01ដើម, ទូរស័ព្ទចំនួន 02 គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូន ទៅការិយាល័យព្រហ្មទណ្ឌ អ.ហ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួកដែលរត់គេចខ្លួនមានចំនួន ៤នាក់ទៀត ឈ្មោះ រ៉ា ភេទប្រុស, ឈ្មោះ មិត្ត ហៅអាបង ភេទប្រុស, ឈ្មោះ រិទ្ធ ភេទប្រុស, ឈ្មោះ ក្រឹម ភេទប្រុស ។ ជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងតាមស្វែងរក ចាប់ខ្លួនបន្តផងដែរ ៕









